ភ្នំពេញ ៖ បុរសម្នាក់ដែលគេដឹងថាជាមន្ត្រីអាវុធហត្ថស័ក្ក៤កន្លះម្នាក់បាញ់សម្លាប់ប្រពន្ធស្លាប់ ក្នុងថ្លុកឈាម រួចក៍បាញ់សម្លាប់ខ្លួនឯងតាមក្រោយ ចោលកូនស្រីម្នាក់ឲ្យរស់នៅកំព្រា កាលពីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួលលេខ២ តាមបណ្ដោយផ្លូវ អេសអូអេស ក្នុងសង្កាត់កោគឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសជាប្តីមានឈ្មោះ សេក គឹមសាន ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរមន្ត្រីអាវុធហត្ថ មានឋនៈរន្តសក្ត័ វីរៈសេនីយ៍ទោ ជាគ្រូបង្រៀននៅសាលាកងរាជអាវុធហត្ថកំបូល។ ចំណែកប្រពន្ធមានឈ្មោះ ជួប សារ៉ែន ភេទស្រីអាយុ៣៦ ឆ្នាំមុខរបរនៅផ្ទះ អ្នកទាំងពីរស្នាក់នៅកន្លែងកើតហេតុខាងលើ។
តាមប្រភពពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា ប្តីប្រពន្ធ និងកូនស្រីម្នាក់បានមកស្នាក់ នៅបន្ទប់ជួលកើតហេតុខាងលើរយៈពេលច្រើនខែកន្លងមកហើយ ដោយគេសង្កេតឃើញថា បុរសដែលជាប្ដីតែងតែប្រច័ណ្ឌនិងប្រពន្ធរើយៗ ពេលដែលឃើញប្រពន្ធ និយាយទូរស័ព្ទម្តងៗ ប្ដីតែងតែចោទរករឿងថានេះថានោះ ស្ទើរៀងរាល់ថ្ងៃ។
ប្រភពដដែលបានបន្តទៀតថា ជនដៃដល់ជាប្ដីធ្លាប់មានប្រពន្ធម្តងរួចមកហើយដោយមានកូននៅក្នុងបន្ទុកចំនួន៥នាក់ ចំណែកជនរងគ្រោះជាប្រពន្ធក្រោយ ដោយរួមរស់ជាមួយគ្នាបានកូនស្រីអាយុ១៥ ឆ្នាំម្នាក់ជាចំណងដៃ លុះដល់ម៉ោងកើតហេតុខាងលើគេងឮសំឡេងផ្ទុះអាវុធ ៣ទៅ ៤ គ្រាប់រួចនាំគ្នាចូលទៅមើលឃើញប្ដីប្រពន្ធទាំងពីរនាក់ ស្លាប់បាត់ទៅហើយ។ ក្រោយមកក៏មានការភ្ញាក់ផ្អើល បាននាំគ្នារាយការណ៍ ជូនទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងពិនិត្យនៅកន្លែងកើតុហេតុឃើញប្រពន្ធស្លាប់លុតជង្គង់មុខបន្ទប់ទឹកចំណែកប្ដីស្លាប់នៅក្នុងបន្ទប់។ ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕


