វិបត្តិកូវីដ១៩ ក្នុងឆ្នាំ២០២០ មានរោងចក្រសហគ្រាស ក្នុងវិស័យកាត់ដេរចំនួន ១២៩ រោងចក្របិទទ្វារ ធ្វើឲ្យប៉ះពាល់ដល់កម្មករជាង៧ម៉ឺននាក់

ភ្នំពេញ ៖ ដោយសារវិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩ ក្នុងឆ្នាំ២០២០មានរោងចក្រសហគ្រាស ក្នុងវិស័យកាត់ដេរចំនួន ១២៩ រោងចក្រ បានបិទទ្វារលែងដំណើរការ ដោយធ្វើឲ្យប៉ះពាល់ដល់កម្មករនិយោជិតចំនួន ៧១.២០២ នាក់ (ប្រាំពីរម៉ឺន មួយពាន់ពីររយពីរនាក់) ក្នុងនោះស្រី ៥៧.៧៩៤ នាក់។ នេះបើតាមការបញ្ជាក់ ពីលោក ហេង សួរ រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

លោក ហេង សួរ បន្តថា យ៉ាងណាក៏ដោយឆ្នាំ២០២០ មានរោងចក្របានបើកថ្មីឡើងវិញផងដែរ ដោយបានបង្កើតការងារដល់កម្មករនិយោជិតចំនួន ២៣.២០៨ នាក់ ក្នុងនោះស្រី ១៧.៦៣៨ នាក់។ សម្រាប់ឆ្នាំ២០២១នេះ ចំនួនរោងចក្រ ដែលបង្កើតថ្មីៗនឹងមានចំនួនប្រហាក់ប្រហែលនឹងឆ្នាំ២០២០កន្លងទៅ ខណៈនៅចុងឆ្នាំ២០២០ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានអនុម័តគម្រោងវិនិយោគរោងចក្រជាបន្តបន្ទាប់ ដែលនឹងដំណើរការសាងសង់នៅឆ្នាំ២០២១នេះ។

អ្នកនាំពាក្យរូបនេះរំពឹងថា វិស័យកាត់ដេរទាំងមូលនៅកម្ពុជា អាចនឹងវិលមកប្រក្រតីភាពវិញ ក្រោយពេលវិបត្តិជំងឺកូវីដ១៩ត្រូវបានបញ្ចប់។ វិបត្តិនៃជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រទេសកម្ពុជាពិសេសវិស័យការងារ និងវិស័យទេសចរណ៍ ដែលរងផលប៉ះពាល់ធ្ងន់ជាងគេ។ រាជរដ្ឋាភិបាល សម្រេចបញ្ចេញកញ្ចប់ថវិកា ដើម្បីជួយទ្រទ្រង់ដល់វិស័យទាំងពីរនេះ ដោយជួយដល់វិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ កាបូប និងវិស័យទេសចរណ៍ រយៈពេលបីខែបន្ថែមទៀតរហូតដល់ខែមីនា ឆ្នាំ២០២១។

សូមបញ្ជាក់ថា ចាប់តាំងពីខែឧសភា ឆ្នាំ២០២០រហូតមកដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះ រដ្ឋាភិបាលបានបើកផ្ដល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ ជាង៣៤ម៉ឺននាក់ ដែលសរុបទឹកប្រាក់ជាង២៣លានដុល្លារអាមេរិក៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២