អភិបាលរាជធានីភ្នំពេញ ៖ បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជាបញ្ហាមួយ ដែលអាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខណ្ឌទាំង ១៤និងកងកម្លាំងប្រដាប់អាវុធទាំងពីរប្រភេទ ត្រូវតែយកចិត្តទុកដាក់ជាប្រចាំ

ភ្នំពេញ ៖ កិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១២ ដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ លោករ័ត្ន ស្រ៊ាងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញនិងមានការចូលរួមពីអភិបាលខណ្ឌទាំង១៤និងមន្ទីរចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញមួយចំនួនទៀត បានលើកយក ការរក្សាឲ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ និងការទប់ស្កាត់ការបំពងសំឡេងរំខាននានា នៅតាមទីសាធារណៈ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជាបញ្ហាមួយ ដែលអាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខណ្ឌទាំង ១៤និងកងកម្លាំងប្រដាប់អាវុធទាំងពីរប្រភេទ ត្រូវតែយកចិត្តទុកដាក់ជាប្រចាំ ដើម្បីបង្ការទប់ស្កាត់រាល់បទល្មើសផ្សេងៗ ទទួលបាននូវការជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ បន្តការចុះតាមបុរីនានានៅក្នុងរាជធានីភ្នំពេញ ដោយចងក្រងជាកម្លាំង ហើយបើមានបញ្ហា ដែលដោះស្រាយបាន គឺត្រូវដោះស្រាយភ្លាមជូនប្រជាពលរដ្ឋ ហើយបើបញ្ហាដែលមិនអាចដោះស្រាយបាន ត្រូវរាយការណ៍ជូនមកថ្នាក់រាជធានីភ្នំពេញ ដើម្បីឲ្យថ្នាក់រាជធានីបន្តដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋបន្តទៀត។

ក្រៅពីបញ្ហាទាំងប៉ុន្មានខាងលើនេះ ឯកឧត្តមអភិបាលរាជធានី ក៏បាន ណែនាំឲ្យអភិបាលខណ្ឌទាំង១៤ មានវិធានការ ឲ្យបានម៉ឺងម៉ាត់និងតឹងរឹងបំផុត ចំពោះសំណង់ដែលបាននិងកំពុងសាងសង់ នៅក្នុងរាជធានីភ្នំពេញ ដោយធ្វើយ៉ាងណាកុំឲ្យមានហានិភ័យ ដូចជាការធ្លាក់វត្ថុរឹងពីលើអគារខ្ពស់ៗ បង្កឲ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋទៀត។

ស្នងការនគរបាលរាជធានីភ្នំពេញ លោកស ថេត បានបញ្ជាក់ផងដែរថា នៅក្នុងរាជធានីភ្នំពេញមាន សន្តិសុខសណ្ដាប់ធ្នាប់ល្អប្រសើរហើយ ប៉ុន្តែទោះបីជាយ៉ាងណាក្តីយើងក៏នៅតែមានបញ្ហាប្រឈមមួយចំនួន ផងដែរ ដែលយើងត្រូវតែបន្តយកចិត្តទុកដាក់នោះ គឺបញ្ហាគ្រឿងញៀន ដែលមកដល់ពេលនេះ បទល្មើសគ្រឿងញៀន ការសេពគ្រឿងញៀននៅតែបន្តកើតមាន ដែលយើងទាំងអស់គ្នា ត្រូវរួមគ្នាដើម្បីទប់ស្កាត់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២