ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញសម្រេចថា “មិនឱ្យកាប់យកចេញនោះទេ” មានតែការដាំថ្មីបន្ថែម

ភ្នំពេញ ៖ ដើមឈឺធំៗចំនួន៣ដើមក្នុងចំណោមដើមឈើប្រមាណ៥០ដើមនៅលើសួនកាណាឌីយ៉ា មុខមន្ទីរពេទ្យអង្គឌួងស្ថិតនៅក្នុងខណ្ឌដូនពេញ ដែលអាជ្ញាធររាជធានីភ្នំពេញ ក្រោមការឯកភាពពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានសម្រេចឱ្យយកាប់យកចេញហើយដាំជំនួសថ្មីនោះ មកដល់ពេលនេះ ត្រូវបាន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញសម្រេចថា “មិនឱ្យកាប់យកចេញនោះទេ” មានតែការដាំថ្មីបន្ថែម។

ការសម្រេចបែបនេះបានធ្វើឡើងខណៈដែលឯកឧត្តមឃួង ស្រេងអភិបាលរាជធានីភ្នំពេញដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរខណ្ឌចុះពិនិត្យមើលស្ថានភាពដើមឈើទាំងបីដើមនេះជាក់ស្តែងនៅសួនច្បារកាណាឌីយ៉ាក្នុងខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី១២ខែមករាឆ្នាំ២០២១នេះ។

ក្នុងដំណើរនៃការចុះពិនិត្យដើមឈើនេះ ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍បញ្ជាក់ថា៖ ដើមឈើទាំងបីដើមនេះ មិនត្រូវបានកាប់ចេញនោះទេ ដោយសារវាអាចនៅបន្តឈរទៀតបាន ។ តែលោកបាន បញ្ជាឱ្យមន្ទីរបរិស្ថានរាជធានី មន្ទីរកសិកម្មរាជធានី និងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញសហការគ្នាមើលថែដោយធ្វើបានត្រឹមតែលះមែកឬកាត់មែកដែលស្អុយចេញបាន ចំណែកដើមឈើទាំងមូលត្រូវធ្វើជើងទម្រទប់ដើម ដើម្បីកុំឱ្យរំលំបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។

ឯកឧត្តមឃួង ស្រេងបានបញ្ជាក់យ៉ាងច្បាស់ថា៖ នៅរាជធានីភ្នំពេញ គ្មានការកាប់ដើមឈើយកចេញទេ មានតែការដាំថ្មីបន្ថែម ដើម្បីអោយទីក្រុងក្លាយជាទីក្រុងមានពណ៏បៃតង មានបរិស្ថាន៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២