ក្រសួងបរិស្ថាន បង្ហាញរបាយការណ៍ក្នុងឆ្នាំ​២០២០ ​បញ្ជូន​សំណុំរឿង​បទល្មើស​ធនធានធម្មជាតិ ៦០៤​ករណី ទៅ​តុលាការ

ភ្នំពេញ​ ៖ នៅ​ឆ្នាំ​២០២០ សំណុំរឿង​បទល្មើស​ធនធានធម្មជាតិ​ដែល​ត្រូវបាន​បញ្ជូន​ទៅកាន់ តុលាការ មាន​ចំនួន ៦០៥​ករណី ហើយ​នៅ​ឆ្នាំ​២០២០ ខណៈ​ការបង្ក្រាប​បទល្មើស​ក៏​សម្រេចបាន​ចំនួន​៨.៩១៧ ករណី , មានការ​ផាកពិន័យ​អន្តរការណ៍​លើ​ជន​ប្រព្រឹត្តល្មើស​ចំនួន ៨៥៧​ករណី និង​បទល្មើស​ដែល​ត្រូវធ្វើ​ការអប់រំ និង​ធ្វើ​កិច្ចសន្យា​មាន​ចំនួន ២៩៤៦​ករណី​។

​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន បានអោយដឹងថា ​ពេញ​មួយឆ្នាំ​២០២០ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ទាំង ១២០០​នាក់ នៃ​ក្រសួងបរិស្ថាន បាន​ចុះ​ល្បាត​សរុប​ចំនួន ២៧,៥៨៨​លើក ខណៈ​នៅ​ការចុះ​ល្បាត​នៅ​ឆ្នាំ​២០១៩ មាន​ចំនួន ២៤,០៤៨​លើក ពោល​គឺមាន​ការចុះ​ល្បាត​មានការ​កើនឡើង​ចំនួន ៣,៥៤០​លើក​។ ក្នុង​ការចុះ​ល្បាត​នេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែលជា​មន្ត្រីនគរបាល​យុត្តិធម៌ បាន​បង្ក្រាប​បទល្មើស​បាន​ចំនួន ៨,៩១៧​ករណី ខណៈ​ឆ្នាំ​២០១៩ បង្ក្រាបបាន​បទល្មើស​ធ​ន​ធាន​ធម្មជាតិ​ចំនួន ៥,៤៧៥​ករណី គឺមាន​ការកើនឡើង​ចំនួន ៣,៤៤២​ករណី​។​

​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បានឱ្យដឹងថា «​នៅ​ឆ្នាំ​២០២០​កន្លងទៅ សំណុំរឿង​បទល្មើស​ធនធានធម្មជាតិ​ដែល​ត្រូវបាន​បញ្ជូន​ទៅកាន់​តុលាការ​មាន​ចំនួន ៦០៥​ករណី ហើយ​នៅ​ឆ្នាំ​២០២០ មានការ​ផាកពិន័យ​អន្តរការណ៍​លើ​ជន​ប្រព្រឹត្តល្មើស​ចំនួន ៨៥៧​ករណី និង​បទល្មើស​ដែល​ត្រូវធ្វើ​ការអប់រំ និង​ធ្វើ​កិច្ចសន្យា​មាន​ចំនួន ២៩៤៦​ករណី​»​។​

​តាម​ការបញ្ជាក់​របស់​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បទល្មើស​ដែល​បង្ក្រាបបាន​ភាគច្រើន​ជា​បទល្មើស​លួច​កាប់​ឈើ ការ​រុករាន​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ខុសច្បាប់ ការ​បរបាញ់​សត្វ និង​ការដាក់​អន្ទាក់​ចាប់​សត្វ​។​

​លោក នេត្រ ភក្ត្រា បាន​ថ្លែងថា​៖ «​ការបង្ក្រាប និង​ទប់ស្កាត់​បទល្មើស​មានកា​រ​កើនឡើង បានបង្ហាញ​ពី​ការអនុវត្ត​ច្បាប់​កាន់​តែមាន​ប្រសិទ្ធភាព និង​បង្ហាញ​ពី​ការខិតខំ​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស សហគមន៍​តំបន់ការពារធម្មជាតិ និង​អ្នកពាក់ព័ន្ធ​ដោយ​មិន​ខ្លាច​នឿយហត់​ក្នុង​ការចុះ​ល្បាត​ការពារ​ព្រៃឈើ និង​ជីវៈចម្រុះ​»​៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២