ឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញ បានរក្សានូវសន្តិសុខ សណ្ដាប់ធ្នាប់ ការគ្រប់គ្រងទប់ស្កាត់ជំងឺកូវីដ-១៩ ជាមួយនឹងការគ្រប់គ្រង រដ្ឋបាលទូទៅ បានយ៉ាងល្អប្រសើរ

ភ្នំពេញ ៖ ពេញមួយឆ្នាំ២០២០ កន្លងទៅនេះ រដ្ឋបាលរាជធានីភ្នំពេញ បានរក្សានូវសន្តិសុខ សណ្ដាប់ធ្នាប់ ការគ្រប់គ្រងទប់ស្កាត់ជំងឺកូវីដ-១៩ ជាមួយនឹងការគ្រប់គ្រង រដ្ឋបាលទូទៅ បានយ៉ាងល្អប្រសើរ រហូតទទួលបាននូវការគាំទ្រ និងការជឿទុកចិត្ត ពីសំណាក់បងប្អូនប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញយ៉ាងពេញទំហឹង។ នេះបើតាមការលើកឡើង របស់ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២០ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ដោយមានវត្តមានឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្តម ប៉ា សុជាតិវង្ស បានមានប្រសាសន៍ថាៈ បញ្ហាសន្តិសុខ សណ្ដាប់ ធ្នាប់សាធារណៈ ការទប់ស្កាត់ជំងឺកូវីដ-១៩ និងការគ្រប់គ្រងរដ្ឋបាលទូទៅ ឃើញថា ក្នុងមួយឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ រក្សាបានយ៉ាងល្អប្រសើរ។ ប៉ុន្តែក៏នៅមាន ចំណុចខ្វះខាត សេសសល់មួយចំនួន ដែលអាជ្ញាធរ ត្រូវបន្តយកចិត្តទុកដាក់ ថែមទៀតដែរ។

ជាមួយគ្នានោះដែរ ក្រុមប្រឹក្សារាជធានី បានសម្តែងការកោតសរសើរ ចំពោះរដ្ឋបាល រាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ ដល់ការខិតខំពង្រឹង ការបង្ក្រាបបទល្មើស គ្រឿងញៀន និងច្បាប់ចរាចរណ៍ផ្លូវគោក ក៏ដូចជា ការដោះស្រាយបញ្ចប់ទំនាស់ និងពាក្យបណ្តឹង ក្នុងឆ្នាំ ២០២០ កន្លងមកនេះ ដែលថ្នាក់ខណ្ឌ បានដោះស្រាយបញ្ចប់ ចំនួន ១៨៨ ករណី និងថ្នាក់សង្កាត់ ដោះស្រាយបញ្ចប់បាន ២៤៨ ករណី។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថាៈ ចំពោះរាល់សំណើ និងសំណូមពរ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ សុំឱ្យរដ្ឋបាលរាជធានី ពង្រឹងតួនាទី គ្រប់ថ្នាក់ទាំងថ្នាក់ ខណ្ឌ និងសង្កាត់ ពីរបៀបរបបធ្វើការងារ ឲ្យកាន់តែល្អប្រសើរនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងខិតខំធ្វើកិច្ចការនេះ ឱ្យប្រសើរឡើង ថែមទៀត ក្នុងឆ្នាំ២០២១នេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២