សភាតំណាងរាស្ត្រអាមេរិក ដំណើរការនីតិវិធីដកតំណែងលោក ណាល់ ត្រាំ ជាលើកទី២ ខណៈសមាជិកសភាគណបក្សសាធារណរដ្ឋយ៉ាងហោច១០រូប បានបោះឆ្នោតគាំទ្រ

វ៉ាស៊ីនតោន៖ សភាតំណាងរាស្ត្រដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅអាមេរិក) បានបោះឆ្នោតគាំទ្រលើការចាប់ផ្ដើមនីតិវិធីដកតំណែងលោកប្រធានាធិបតី ដូណាល់ ត្រាំ ពីបទញុះញង់ ឲ្យអ្នកគាំទ្ររបស់លោកសម្រុកចូលវាយប្រហារវិមានសភាកាពីតូល កាលពីសប្ដាហ៍មុន ខណៈដែលសមាជិកសភាតំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋយ៉ាងហោច១០រូប បានបោះឆ្នោតគាំទ្រផងដែរ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០២១។

សភាតំណាងរាស្ត្រគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ បានបោះឆ្នោតគាំទ្រលើនីតិវិធីដកតំណែងលោក ដូណាល់ ត្រាំ ក្នុងសំឡេងគាំទ្រ២៣២ ទល់នឹង១៩៧សំឡេង ដែលជាលទ្ធផលបានធ្វើឱ្យលោក ត្រាំ ក្លាយជាប្រធានាធិបតីដំបូងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលត្រូវបានគេដំណើរការនីតិវិធីដកតំណែងដល់ទៅ២លើក។ នៅក្នុងការបោះឆ្នោតគាំទ្រនីតិវិធីដកតំណែងលោកត្រាំ​នេះដែរ ក៏មានសមាជិកសភាតំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋយ៉ាងហោច១០រូប បានចូលរួមបោះឆ្នោតគាំទ្រផងដែរ។

មេដឹកនាំសំឡេងភាគច្រើននៃគណបក្សសាធារណរដ្ឋដែលដឹកនាំព្រឹទ្ធសភាគឺលោក Mitch McConnell បានច្រានចោលការអំពាវនាវរបស់គណបក្សប្រជាធិបតេយ្យសម្រាប់ការចោទប្រកាន់ខាងលើនេះ ដោយនិយាយថាគ្មានវិធីណាអាចធ្វើទៅបាននោះទេ មុនពេលលោក Trump ចាកចេញពីតំណែង។ ប៉ុន្តែទោះបីជាលោក Trump បានចាកចេញពីសេតវិមានក៏ដោយ ក៏ព្រឹទ្ធសភាអាចផ្តន្ទាទោសគាត់ មិនឱ្យឈរឈ្មោះបោះឆ្នោតជាប្រធានាធិបតីម្តងទៀតបានផងដែរ។

គួរបញ្ជាក់ថា ការចាប់ផ្ដើមនីវិតិធីដកតំណែងលោក ដូណាល់ ត្រាំ ដោយសភាតំណាងរាស្ត្រនៅពេលនេះ ធ្វើឡើងជាការឆ្លើយតបទៅនឹងការគាំទ្ររបស់លោកត្រាំឲ្យមានភាពចលាចល និងអំពើហិង្សានៅឯវិមានសភាកាពីតូល កាលពីថ្ងៃទី០៦ ខែមករា ដើម្បីរារាំងការទទួលស្គាល់លោក ចូ បៃដិន ជាប្រធានាធិបតីអាមេរិកថ្មីជាផ្លូវការ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២