កូរ៉េខាងជើងសម្ញែងអាវុធនុយក្លេអ៊ែរថ្មីរបស់ខ្លួនដែលបាញ់ដោយនាវាមុជទឹក

សេអ៊ូល៖ នៅថ្ងៃសុក្រនេះ ប្រទេសកូរ៉េខាងជើងបានបង្ហាញអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងឆ្លងទ្វីបថ្មីនៅឯពិធីដង្ហែក្បួនព្យុហយាត្រាយោធាមួយនៅក្នុងទីក្រុងព្យុងយ៉ាង ដើម្បីបង្ហាញពីភាពខ្លាំងរបស់ខ្លួនចំពោះអាមេរិក មុនពេលដែលលោក Joe Biden ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកថ្មីនៅថ្ងៃទី២០ មករាខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១។

ក្បួនដង្ហែព្យុហយាត្រាអាវុធនុយក្លេអ៊ែរនេះបានធ្វើឡើងបន្ទាប់ពីសមាជរបស់គណបក្សពលករត្រូវបានបញ្ជាប់ដើមសប្តាហ៍នេះ ខណៈដែលមេដឹកនាំលោក គីម ជុងអ៊ុនបានចាត់ទុកសហរដ្ឋអាមេរិកថាជា“ សត្រូវដ៏សំខាន់បំផុត” របស់ប្រទេសកូរ៉េខាងជើង។  យោងតាមព័ត៌មានក្នុងស្រុករបស់កូរ៉េខាងជើងបានឲ្យដឹងថា យ៉ាងហោចមានមីស៊ីល ជាប្រភេទបាញ់ចេញពីនាវាមុជទឹក (SLBM)មានពណ៌ខ្មៅលាយសចំនួន ០៤គ្រាប់ ត្រូវបានបង្ហាញក្នុងក្បួនព្យុហយាត្រា ខណៈអ្នកជំនាញខ្លះយល់ថា នេះគឺជាប្រភេទមីស៊ីលស៊េរីថ្មី មិនធ្លាប់បានឃើញពីមុនមក។

គួររលឹកថា កាលពីសប្តាហ៍លោក គីម ជុងអ៊ុន បានប្រកាសថា កូរ៉េខាងជើងនឹងបង្កើនការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ឱ្យកាន់តែមានសមត្ថភាព ដើម្បីជាការឆ្លើយតប ទៅនឹងនយោបាយរបស់សហរដ្ឋអាមេរិកប្រឆាំងកូរ៉េខាងជើង ដែលនឹងគ្មានការផ្លាស់ប្ដូរឡើយ បើទោះជាលោក បៃដិន ឬក៏នរណាឡើងធ្វើជាប្រធានាធិបតីអាមេ​រិកក៏ដោយ។ បច្ចុប្បន្នទំនាក់ទំនងរវាងកូរ៉េខាងជើង និងអាមេរិកកាន់តានតឹងឡើងៗ រួមទាំងការប្រមាថគ្នា និងការគំរាមកំហែងផ្ទុះសង្គ្រាម ខណៈដែលកូរ៉េខាងជើងកំពុងស្ថិតនៅក្រោមទណ្ឌកម្មពីអន្តរជាតិជាច្រើនលើកម្មវីផលិតអាវុធនុយក្លេអ៊ែរ និងកម្មវិធីមីស៊ីលផ្លោងរបស់ខ្លួនផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២