រឿងមួយមិនទាន់ចប់ផង ឥឡូវធ្លាយរឿង លោក អៀង វ៉ាន់ឌី កំណត់ឱ្យមេអាវុធហត្ថក្រុង-ស្រុក រកលុយម្នាក់ ៨ម៉ឺនដុល្លារ ដើម្បីសង់បន្ទាយ

ខេត្តស្ទឹងត្រែង ៖ ពិតជាអំណាចផ្ដាច់ការ គំនិតអាត្មានិយម ធ្វើអ្វីស្រេចតែទំនើងចិត្តរបស់ខ្លួន ខណៈបែកធ្លាយថា, លោកឧត្តមសេនីយ៍ត្រីអៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានកំណត់ឱ្យមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ត្រូវរកលុយក្នុងម្នាក់ ៨ម៉ឺនដុល្លារ ដើម្បីយកមកកសាងបន្ទាយស្នាក់ការរបស់ខ្លួន។

ប្រភពគួរឱ្យជឿទុកចិត្តបានបង្ហើបហៅថា៖ ដំបូងគ្រប់មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំងអស់ ត្រូវយកប្រាក់ចំនួន ២ម៉ឺនដុល្លារមកឲ្យគាត់ផ្ទាល់ ដើម្បីទុកឲ្យគាត់ជាអ្នកចាត់ចែងក្នុងការបុកគ្រឹះ។ ប្រសិនបើអស់លោកជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក មិនព្រមអនុវត្តតាម រកលុយមិនបានដូចការកំណត់ខាងលើនេះទេ លោក អៀង វ៉ាន់ឌី នឹងដកមកបញ្ឈរជើងនៅបន្ទាយ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។

បញ្ហាខាងលើនេះ គឺជាបន្ទុកដ៏ធ្ងន់បំផុត របស់មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ-ក្រុងស្រុក នៅខេត្តស្ទឹងត្រែង ក្រោមការគ្រប់គ្រងលក្ខណៈផ្ដាច់ការរបស់លោក អៀង វ៉ាន់ឌី នោះ។ គេពុំទាន់ដឹងថា ការកំណត់ខាងលើនេះ ជាគោលការណ៍របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អ្នកដាក់ផែនការ ឬក៏ជាគំនិតផ្ទាល់របស់ លោក អៀងវ៉ាន់ឌី ឬមួយយ៉ាងណានោះទេ,!។

បន្ទាប់ពីមានបណ្តាញសារព័ត៌មានចុះផ្សាយ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មាន ជ្រាបថា តាមការរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានបញ្ជាក់ថា មិនមានការកំណត់ឱ្យមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក រកលុយម្នាក់៨ម៉ឺនដុល្លារ ដើម្បីសង់បន្ទាយរបស់ខ្លួននោះទេ។

លោកបន្តថា ជាគោលការណ៍ កងរាជអាវុធហត្ថទាំងមូល មិនមានការកាត់គោលរបប មិនមានការកំណត់ឱ្យបង់ថវិកាផ្សេងៗនោះទេ។ បើបុគ្គលអាវុធហត្ថណាប្រព្រឹត្តនូវកំហុស ឬល្មើសនឹងច្បាប់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

ដោយឡែកលោក អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថហាត់ខេត្តស្ទឹងត្រែង អង្គភាព យើង ក៏មិនអាចសុំការពន្យល់បានដែរនៅរសៀលថ្ងៃដដែល ដោយទូរស័ព្ទចូលចំនួនពីរដងរួចក៏ចុចបិត។

សូមបញ្ជាក់ថា៖ ការបង្ខំលុយបែបនេះ ធ្វើឱ្យមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក មានអារម្មណ៍មិនសប្បាយចិត្តក្នុងការងារ ខណៈខ្លួន អ្នកខ្លះមិនទាន់មានផ្ទះនៅ , អ្នកខ្លះមានផ្ទះមិនដល់តម្លៃ ៥ម៉ឺនដុល្លារ, យ៉ាងច្រើនត្រឹម ៥០០០ ទៅ ១០០០០ដុល្លារ ,ឬអាចលើសពីតម្លៃនេះបន្តិចបន្តួច។ តើគាត់មានលទ្ធភាពឯណា រកប្រាក់មកតម្រូវតាមការបង្ខំរបស់លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្នុងម្នាក់ ៨ម៉ឺនដុល្លារនោះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២