រដ្ឋសភាកម្ពុជា-ចិន ប្រជុំពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ តាមប្រព័ន្ធវិដេអូនៅថ្ងៃនេះ

​(ភ្នំពេញ)៖ រដ្ឋសភាបានប្រកាសថា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងឯកឧត្តម លី ចាន់ស៊ូ ប្រធានសភាប្រជាជនចិន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំ​ ស្តីពី ការពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការរវាងសភាប្រទេសទាំងពីរ តាមប្រព័ន្ធវីដេអូ នៅវេលាម៉ោង ១៤:០០ នាទីរសៀល នាថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១។

សេចក្តីប្រកាស លើកឡើងថា ប្រធានរដ្ឋសភាកម្ពុជា និងប្រធាន​សភាចិន នឹងអញ្ជើញ​ថ្លែងសន្ទរកថាគន្លឹះ នៅក្នុងឱកាសបើកកិច្ចប្រជុំ បន្ទាប់​មកសមភាគីទាំងពីរ នឹងផ្តល់វេទិកាជូនគណៈប្រតិភូ​ជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយលោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា អមដោយ​គណៈកម្មការជំនាញ ចំនួន ៤ របស់រដ្ឋសភា។ ចំណែកគណៈប្រតិភូ​ជាន់ខ្ពស់សភាប្រជាជនចិនទូទាំងប្រទេស ដឹកនាំដោយ ឯកឧត្តម ចាន់ ឈុន​ស៊ាន អនុប្រធានសភាចិន អមដោយគណៈកម្មាធិការជំនាញ ចំនួន ៤ របស់សភាប្រជាជនចិនទូទាំងប្រទេស ដើម្បីពិភាក្សា ផ្លាស់ប្តូរទស្សនយោបល់ និងការចែករំលែកបទពិសោធន៍ជាមួយគ្នាទៅវិញទៅមក លើប្រធានបទសំខាន់ៗមួយចំនួន ដើម្បីជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការ​សភាប្រទេសទាំងពីរ ឲ្យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុង​ជ្រោយ ទាំងក្នុងក្របខណ្ឌ​ទ្វេភាគី និងពហុភាគី ដែលមានដូចជា៖ ការផ្លាស់ប្តូរ​បទពិសោធន៍ និងកិច្ចសហប្រតិបត្តិការ​ផ្នែកច្បាប់ កិច្ចសហប្រតិបត្តិការ​អន្តរជាតិប្រឆាំង​នឹង​រោគរាតត្បាត ការស្តារសេដ្ឋកិច្ចនាដំណាក់កាលក្រោយរោគរាលដាល​ ស្ថានភាពអន្តរជាតិ និងក្នុងតំបន់។

សេចក្តីប្រកាស គូសបញ្ជាក់ថា រដ្ឋសភាកម្ពុជា និងសភាចិន មានកិច្ចសហប្រតិបត្តិការគ្នាយ៉ាងស្អិតរមួត​ទាំងនៅក្នុងក្របខណ្ឌ​ទ្វេភាគី និងពហុភាគី ដែលកន្លងមក សភាប្រទេសទាំងពីរ បាន​ផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមកនៅ​គ្រប់កម្រិត និងបានគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកា​អន្តរសភានានា​ជាប្រចាំផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២