វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោកចូ បៃដិននៅថ្ងៃព្រហស្បតិ៍ (២១ មករា) បានស្នើសុំពន្យារពេល ៥ ឆ្នាំបន្ថែមទៀតជាមួយប្រទេសរុស្ស៊ីដើម្បីបន្តសន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរ ( New START) ដែលជាសន្ធិសញ្ញាចុងក្រោយរវាងប្រទេសមហាអំណាចទាំងពីរ នឹងផុតកំណត់នៅដើមខែក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១។
លេខាធិការសេតវិមានលោកស្រី Jen Psaki បានប្រាប់អ្នកយកព័ត៌មានថា សហរដ្ឋអាមេរិកមានបំណងស្វែងរកការបន្តរយៈពេល ៥ ឆ្នាំបន្ថែមទៀតនៃសន្ធិសញ្ញា(New START) ខណៈដែលសន្ធិសញ្ញានេះនឹងផុតកំណត់នៅថ្ងែទី៥ ខែកុម្ភះខាមុខនេះ។
លោកស្រីបន្ថែមថា នៅថ្ងៃដំបូងនៃតំណែងជាប្រធានាធិបតីលោក Biden មានគោលបំណងបន្តសន្ធិសញ្ញារារាំងការផលិតអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី (New START) ប៉ុន្តែបានបញ្ជាក់ច្បាស់ថាលោកនឹងមិនមានបំណងកំណត់ទំនាក់ទំនងឡើងវិញ ក្នុងទម្រង់ផ្សេងៗដោយប្រធានាធិបតីមុននោះទេ។
វិធីសាស្រ្តរបស់លោក Biden ពេលនេះផ្ទុយស្រលះពីលោក Trump ដែលបានសម្តែងការពេញចិត្តចំពោះលោក Putin ទោះបីរដ្ឋបាលរបស់លោកបានបញ្ចប់កិច្ចព្រមព្រៀងគ្រប់គ្រងអាវុធដែលនៅសេសសល់ជាមួយរុស្ស៊ីក៏ដោយ។
សូមជម្រាបថា សន្ធិសញ្ញា(New START) ដែលបានកំណត់ក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ១,៥៥០គ្រាប់ សម្រាប់សហរដ្ឋអាមេរិកនិងរុស្ស៊ី នឹងត្រូវផុតកំណត់នៅថ្ងៃទី ៥ ខែកុម្ភៈខាងមុខនេះ ខណៈដែលការចរចាត្រូវបានជាប់គាំងនៅក្រោមអាណត្តិរបស់អតីតប្រធានាធិបតីដូណាល់ត្រាំ បន្ទាប់ពីសន្ធិសញ្ញាចាស់ដែលត្រូវបានចុះហត្ថលេខានៅឆ្នាំ ២០១០ នៅទីក្រុងPrague ដោយអតីតប្រធានាធិបតី Barack Obama៕