លោក Joe Biden៖ ចំនួនអ្នកស្លាប់ដោយកូវីដ១៩នៅសហរដ្ឋអាមេរិកនឹងកើនឡើងដល់កន្លះលាននាក់នៅខែក្រោយ

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បានចេញសារព្រមានដល់ប្រជាជនអាមេរិកថា នៅមានថ្ងៃដ៏ពិបាកជាច្រើនទៀតដើម្បីទប់ទល់នឹងការឆ្លងរាតត្បាតវីរុសកូវីដ១៩ ហើយបានព្យាករណ៍ថាចំនួនអ្នកស្លាប់នៅសហរដ្ឋអាមេរិកនឹងកើនឡើងដល់កន្លះលាននាក់នៅខែក្រោយ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១។

នៅឯសេតវិមានកាលពីថ្ងៃព្រហស្បតិ៍លោក Biden បានបង្ហាញពី ផែនការសហព័ន្ធថ្មី របស់លោក ក្នុងការដោះស្រាយជាមួយវីរុសនេះដែលមានឈ្មោះថាយុទ្ធសាស្ត្រជាតិសម្រាប់ការឆ្លើយតបនិងការត្រៀមបង្ការជំងឺរាតត្បាតកូវីដ១៩ ហើយបានចុះហត្ថលេខាលើសកម្មភាពប្រតិបត្តិទាក់ទងនឹងជំងឺរាតត្បាតនេះជាច្រើន។ លោក Biden បាននិយាយនាឪកាសនោះថា“ អ្វីៗនឹងបន្តកាន់តែអាក្រក់ទៅៗ មុនពេលស្ថានការវិលមកធូរស្រាលវិញ” ។ ចំនួនអ្នកស្លាប់ទំនងនឹងកើនឡើងដល់ ៥ សែននាក់នៅខែក្រោយ” ។

សូមជម្រាបថា ប្រធានាធិបតីអាមេរិកថ្មី លោក Biden បានរិះគន់យ៉ាងខ្លាំងចំពោះការចាត់ចែងរបស់រដ្ឋបាលលោក Trump ចំពោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងបានហៅយុទ្ធនាការចាក់វ៉ាក់សាំងរបស់លោក Trump ថាជា“ ការបរាជ័យដ៏គួរឱ្យស្អប់ខ្ពើមមួយ”។ បច្ចុប្បន្នសហរដ្ឋអាមេរិកឈរលំដាប់ទី១ក្នុងនាមជាប្រទេសដែលមានអ្នកឆ្លងកូវីដ១៩ច្រើនបំផុត គឺជាង ២៤លានករណី និងបានសម្លាប់មនុស្សប្រមាណ៤០ម៉ឺននាក់ផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២