(តៃប៉ិ)៖ ថ្ងៃអាទិត្យម្សិលមិញនេះ ក្រសួងការពារជាតិកោះតៃវ៉ាន់បានឲ្យដឹងថា យន្តហោះកងទ័ពអាកាសចិន ១៥ គ្រឿងបានចូលក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន ខណៈភាពតានតឹងបានកើនឡើងនៅជិតកោះនេះក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្នុងរដ្ឋបាលថ្មីរបស់ប្រធានាធិបតីអាមេរិក Joe Biden ។
ចិនដែលចាត់ទុកតៃវ៉ាន់ត្រឹមជាខេត្តមួយប៉ុណ្ណោះរបស់ខ្លួន បានបញ្ជូនយន្តហោះយោធាឲ្យធ្វើការហោះហើរសឹងរាល់ថ្ងៃ ក្នុងអំឡុងប៉ុន្មានខែចុងក្រោយនេះ នៅលើដែនទឹករវាង តំបន់ភាគខាងត្បូងកោះតៃវ៉ាន់ ហើយនិងប្រជុំកោះ Pratas នៅសមុទ្រចិនខាងត្បូងដែលគ្រប់គ្រងដោយតៃវ៉ាន់។
ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថាកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ប្រទេសចិនបានបញ្ជូនយន្តហោះប្រយុទ្ធ J-10 ចំនួន ៦ គ្រឿង, J-១៦ ចំនួន ៤ គ្រឿង, យន្តហោះ SU-30 ចំនួន ២ គ្រឿង, យន្តហោះឈ្លបយកការណ៍ Y-8 និងយន្តហោះប្រឆាំងនាវាមុជទឹក Y-8 ចំនួន ២ គ្រឿង។ ជាការឆ្លើយតបនឹងសកម្មភាពរបស់ចិន កងទ័ពអាកាសតៃវ៉ាន់បានព្រមានដល់ក្រុមយន្តហោះយោធាចិន ដោយបានដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារដែនអាកាស ដើម្បីឃ្លាំមើលស្ថានការណ៍នេះផងដែរ។
ចិនមិនទាន់ធ្វើអត្ថាធិប្បាយនៅឡើយទេ។ កន្លងមកចិនបាននិយាយថាសកម្មភាពបែបនេះគឺមានគោលបំណងការពារអធិបតេយ្យភាពរបស់ប្រទេសហើយត្រូវបានរៀបចំឡើងដើម្បីធ្វើជាការព្រមាននឹងការឃុបឃិតគ្នារវាងសហរដ្ឋអាមេរិកនិងតៃវ៉ាន់។
សូមជម្រាបថា ទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃសៅរ៍បានជំរុញឱ្យប្រទេសចិនបញ្ឈប់ការដាក់សម្ពាធលើកោះតៃវ៉ាន់ និងបានបញ្ជូនយោធា និងក្រុមនាវាដឹកយន្តហោះរបស់សហរដ្ឋអាមេរិក USS Theodore Roosevelt បានចូលទៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះដើម្បីលើកកម្ពស់សេរីភាពនៃដែនសមុទ្រ និងប្តេជ្ញាចិត្តរក្សាមិត្តភាពរបស់ខ្លួនចំពោះកោះតៃវ៉ាន់ឲ្យតែកាន់តរឹងមាំផងដែរ៕

