ចិននឹងធ្វើសមយុទ្ធយោធានៅសមុទ្រចិនខាងត្បូងចំពេលកំពុងមានភាពតានតឹងជាមួយអាមេរិក

ចិន៖ នៅថ្ងៃអង្គារនេះ ប្រទេសចិនប្រកាសថាខ្លួននឹងធ្វើសមយុទ្ធយោធានៅសមុទ្រចិនខាងត្បូងក្នុងសប្តាហ៍នេះ ដើម្បីឆ្លើយតបនឹងក្រុមនាវាដឹកយន្តហោះអាមេរិកដែលចូលដែនទឹកកំពុងមានជម្លោះកាលពីសប្តាហ៍មុន។

សេចក្តីជូនដំណឹងដែលចេញដោយរដ្ឋបាលសុវត្ថិភាពនាវាចរណ៍ចិន បានហាមឃាត់រាល់ការចូលទៅក្នុងដែនទឹកនៅឈូងសមុទ្រ Tonkin នៅភាគនិរតីប្រទេសចិនចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែមករា ប៉ុន្តែចិនមិនបានផ្តល់ព័ត៌មានលម្អិតថានឹងមានអ្វីអាចនឹងកើតឡើង ឬកំរិតណានោះទេនៅកំឡុងពេលសមយុទ្ធ។

ការប្រកាសធ្វើសមយុទ្ធរបស់ចិនពេលនេះធ្វើឡើង បន្ទាប់ពីកងនាវាដឹកយន្តហោះអាមេរិក USS Theodore Roosevelt បានចូលក្នុងសមុទ្រចិនខាងត្បូងកាលពីថ្ងៃសៅរ៍ក្រោមហេតុផលដើម្បីលើកកម្ពស់សេរីភាពដែនសមុទ្រ ។

ឈូងសមុទ្រ Tonkin ក្លាយជាចំណុចថ្មីមួយទៀត ដែលកំពុងមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន។ យោធាសហរដ្ឋអាមេរិកបានបង្កើនសកម្មភាពរបស់ខ្លួននៅតំបន់នេះក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលប្រទេសចិនអះអាងទាមទារថាឈូងសមុទ្រ Tonkin ជាទឹកដីរបស់ខ្លួន ខណៈដែលចិនកំពុងមានជម្លោះជាមួយប្រទេសជិតខាងផងដែររួមមាន ប្រទេសវៀតណាម, ម៉ាឡេស៊ី, ហ្វីលីពីន, ព្រុយណេ និងតៃវ៉ាន់។

សូមជម្រាបថា​ កាលពីថ្ងៃច័ន្ទម្សិលមិញ ប្រទេសចិនបានព្រមានដល់សហរដ្ឋអាមេរិកថាឲ្យបញ្ជប់ការបញ្ជូនយន្តហោះនិងនាវាជាច្រើនគ្រឿងចូលសមុទ្រចិនខាងត្បូងបន្តទៀត និងបានលើកឡើងថាសកម្មភាពបែបនេះមិនអំណោយផលដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ឡើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២