សហរដ្ឋអាមេរិកប្រឈមនឹងអំពើភេវរកម្មនៅទូទាំងប្រទេស នៅពេលព្រឹទ្ធសភាចោទប្រកាន់លោក Donald Trump ជាផ្លូវការ

អាមេរិក៖ ក្រសួងសន្តិសុខមាតុភូមិអាមេរិក (DHS) បានព្រមាននៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិកអាចប្រឈមមុខនឹងការគំរាមកំហែងខ្ពស់នៃអំពើភេវរកម្មនៅទូទាំងប្រទេស ដោយក្រុមជ្រុលនិយមប្រឆាំងរដ្ឋាភិបាល ក្នុងកំឡុងពេលប៉ុន្មានខែខាងមុខ បន្ទាប់ពីព្រឹត្តិការណ៍វាយប្រហារដ៏សាហាវកាលពីថ្ងៃទី៦ ខែមករាលើវិមានកាពីតូល ដោយអ្នកគាំទ្ររបស់អតីតប្រធានាធិបតី Donald Trump ដើម្បីជំទាស់ការឡើងកាន់តំណែងជាប្រធានាធិបតីរបស់លោក Joe Biden។

ក្រុមមន្ត្រីប្រឆាំងភេរវកម្មជាតិបានឲ្យដឹងថា ការគំរាមកំហែងនៃការវាយប្រហារអាចបន្តកើតមានជាច្រើនសប្តាហ៍ទៀត បន្ទាប់ពីការឡើងកាន់តំណែងរបស់លោក Biden កាលពីថ្ងៃទី២០ខែមករានិងនៅពេលលោក Trump ប្រឈមនឹងការចោទប្រកាន់នៅក្នុងព្រឹទ្ធសភាពីបទ ការញុះញង់ឲ្យមានអំពើបះបោរ ជុំវិញការសម្រុកវាយប្រហារលើវិមានកាពីតូល។

រដ្ឋលេខាធិការក្រសួងសន្តិសុខមាតុភូមិអាមេរិកបាននិយាយថា “ ក្រសួងមិនមានព័ត៌មានណាមួយជាក់លាក់ដើម្បីបង្ហាញពីផែនការដែលគួរឲ្យទុកចិត្តបាននៅឡើយទេ ទោះបីជាយ៉ាងណាក៏ដោយ កុបកម្មហិង្សានៅតែបន្តកើតមានក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយយើងនៅតែមានការព្រួយបារម្ភថា ពលរដ្ឋដែលមិនពេញចិត្តចំពោះការផ្ទេរអំណាចរបស់រដ្ឋាភិបាល អាចនឹងប្រមូលផ្តុំគ្នា ដើម្បីធ្វើកុបកម្មប្រឆាំងទាមទារបន្តទៀត”។

គួរជម្រាបថា ការប្រកាសអាសន្ននេះបានកើតឡើងពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមន្ទីរបញ្ចកោណបាននិយាយថាកងទ័ពឆ្មាំជាតិរាប់ពាន់នាក់ដែលបានមកទីក្រុងវ៉ាស៊ីនតោនសម្រាប់ពិធីស្បថចូលកាន់តំណែងលោក Biden នឹងនៅតែស្ថិតនៅក្នុងរដ្ឋធានីរហូតដល់ខែមីនា ដោយសារតែការស៊ើបការណ៍សម្ងាត់របស់ FBI ស្តីពីការគំរាមកំហែងអំពើភេវរកម្មអាចកើតមានឡើង៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២