យោធាមីយ៉ាន់ម៉ាបានដករដ្ឋមន្រ្តីនិងសមាជិកសភាចំនួន ២៤ រូប នឹងតែងតាំងជំនួសវិញ ១១នាក់នៅក្នុងរដ្ឋបាលថ្មីរបស់ខ្លួន

ក្រុងយ៉ាំងហ្គោន៖ យោធារបស់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទ (ទី ១ ខែកុម្ភៈ) បានប្រកាសពីការដកតំណែងរដ្ឋាភិបាលដែលបានជ្រើសរើសតាមបែបប្រជាធិបតេយ្យរបស់លោកស្រីអ៊ុងសាន ស៊ូជីដោយបានដករដ្ឋមន្រ្តី និងសមាជិកសភាចំនួន ២៤ រូប ខណៈដែលសមាជិក១១ នាក់ត្រូវដាក់ជំនួសនៅក្នុងរដ្ឋបាលថ្មីរបស់ខ្លួនបន្ទាប់ពីការដណ្តើមអំណាចដោយរដ្ឋប្រហារ។

ការប្រកាសនេះត្រូវបានធ្វើឡើងនៅលើកញ្ចក់ទូរទស្សន៍ Myawadday ដែលគ្រប់គ្រងដោយយោធាស្តីពីការប្រជុំរដ្ឋបាលថ្មី និងរាប់បញ្ចូលទាំងការតែងតាំងថ្មី​សម្រាប់រដ្ឋមន្ត្រី ហិរញ្ញវត្ថុ, សុខភា, ព័ត៌មាន,ការបរទេស, កិច្ចការពារព្រំដែន និងផ្ទៃក្នុង។ នៅក្នុងប្រជុំរដ្ឋបាលថ្មីយោធាបាននិយាយថាលោកMin Aung Hlaingបានសន្យាអនុវត្ត“ ប្រព័ន្ធប្រជាធិបតេយ្យពហុបក្សដែលមានការរីកចម្រើនប្រកបដោយភាពត្រឹមត្រូវពិតប្រាកដ”។ លោកបានសន្យាថានឹងមានការបោះឆ្នោតដោយសេរីត្រឹមត្រូវ និងយុត្តិធម៌នៅឆ្នាំក្រោយនិងប្រគល់អំណាចដល់គណបក្សណាដែលឈ្នះឆ្នោត។

យោធាមីយ៉ាន់ម៉ាបានដណ្តើមអំណាច  កាលពីថ្ងៃច័ន្ទនៅក្នុងរដ្ឋប្រហារមួយដោយបានឃុំខ្លួនលោកស្រីអ៊ុងសាន ស៊ូជី និងមេដឹកនាំដទៃទៀតនៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រីនៅក្នុងការវាយឆ្មក់នៅពេលព្រឹកព្រលឹម។ កងទ័ពបាននិយាយថាខ្លួនបានអនុវត្តការឃុំខ្លួនដើម្បីឆ្លើយតបទៅនឹង“ ការលួចបន្លំសន្លឹកឆ្នោត” ដោយប្រគល់អំណាចទៅឱ្យមេបញ្ជាការយោធា Min Aung Hlaing  ព្រមទាំងបានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នពេញមួយឆ្នាំ និងបានដាក់បម្រាមគោចរពីម៉ោង ៨យប់ដល់ ៦ ព្រឹកនៅទូទាំងប្រទេស។

សូមជម្រាបថានៅថ្ងៃអង្គារនេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានថ្កោលទោស នឹងគំរាមដាក់ទណ្ឌកម្មជាថ្មីលើប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីយោធាធ្វើរដ្ឋប្រហារនិងចាប់ខ្លួនមេដឹកនាំស៊ីវិលរបស់រដ្ឋាភិបាលរួមទាំងលោកស្រី អ៊ុងសានស៊ូជី ផងដែរ ខណៈដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិUN នឹងបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃអង្គារនេះដែរស្តីពីការធ្វើរដ្ឋប្រហារយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលអគ្គលេខាធិការលោក Antonio Guterres ហៅការធ្វើរដ្ឋប្រហារនេះជាការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដល់កំណែទម្រង់ប្រជាធិបតេយ្យ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២