ប្រជាជនមីយ៉ាន់ម៉ា ចាប់ផ្តើមធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារយោធា

មីយ៉ាន់ម៉ា៖ សំលេងលាន់រំពងនៃស៊ីផ្លេឡាន និងការគោះស្គរ  ត្រូវបានគេឮនៅទូទាំងទីក្រុងយ៉ាំងហ្គោន របស់មីយ៉ាន់ម៉ាកាលពីយប់ថ្ងៃអង្គារម្សិលមិញនេះ ដើម្បីបដិសេធទៅនឹងរដ្ឋប្រហារយោធាដែលទម្លាក់រដ្ឋាភិបាលរបស់លោកស្រី អ៊ុងសាន ស៊ូជី ស្របពេលដែល ក្រុមគ្រូពេទ្យជួរមុខបានគំរាមឈប់ធ្វើការ ទោះបីជាកំពុងមានការរីករាលដាលយ៉ាងខ្លាំងនៃជំងឺកូវីដ១៩ក៏ដោយ។

សំលេងស៊ីផ្លេរថយន្តត្រូវបានបន្លឺឡើង នៅពេលដែលអ្នកបើកបរបានប្រមូលផ្តុំគ្នាដើម្បីអំពាវនាវឱ្យយោធាគោរពលទ្ធផលបោះឆ្នោតកាលពីខែវិច្ឆកាកន្លងទៅ។ អ្នកប្រើប្រាស់បណ្តាញសង្គមបាន ផ្សាយផ្ទាល់ តាមរយៈ Facebook និងបានបង្ហោះវីដេអូខ្លួនឯងនិងអ្នកក្រុងផ្សេងទៀត ឈរនៅលើផ្ទះគោះស្គរ គោះចាន គោះឆ្នាំ ខណៈអ្នកខ្លះស្រែកពាក្យស្លោកប្រឆាំងរដ្ឋប្រហារយោធា។

អ្នកលេង Facebook ម្នាក់បានសរសេរថា “ដើម្បីបង្ហាញពីការគាំទ្រដល់លទ្ធិប្រជាធិបតេយ្យរបស់មីយ៉ាន់ម៉ាពីផ្ទះរបស់យើង សូមធ្វើឲ្យមានសំឡេងខ្លាំងបំផុតតាមរយៈការវាយអ្វីដែលអ្នកអាចរកបានដូចជាស្គរ ចាន ឆ្នាំង  ហើយស្រែកឲ្យអស់ពីចិត្ត”។ ស្របពេលជាមួយគ្នានេះ ក្រុមគ្រូពេទ្យជួរមុខប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩បានគំរាមឈប់ធ្វើការ ទោះបីជាជំងឺនេះកំពុងមានការរីករាលដាលខ្លាំងក៏ដោយ។

សូមជម្រាបថា គណបក្សរបស់លោកស្រីអ៊ុងសាន ស៊ូជីបានអំពាវនាវឱ្យសាធារណជនបដិសេធរដ្ឋប្រហារយោធា និងលើកទឹកចិត្តឲ្យប្រជាជនចេញធ្វើបាតុកម្មប្រឆាំងតវ៉ាឲ្យ យោធាទទួលស្គាល់លទ្ធផលឈ្នះការបោះឆ្នោតរបស់គណបក្សលោកស្រីកាលពីខែវិច្ឆិកា។

បច្ចុប្បន្ន យោធាដែលកំពុងកាន់អំណាចរដ្ឋ បានព្រមានប្រឆាំងនឹងសេចក្តីថ្លែងការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយសាធារណៈ និងពាក្យចចាមអារ៉ាមជាច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីញុះញង់ ឲ្យមានកុប្បកម្ម និងបង្កអស្ថិរភាពសង្គម ជាមួយគ្នានេះដែលអ្នកគាំទ្រកងទ័ពរាប់ពាន់នាក់បានចេញមកប្រមូលផ្តុំគ្នាកាលពីម្សិលមិញ ដើម្បីបង្ហាញការគាំទ្ររបស់ពួកគេចំពោះការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំពេញ នឹងបានច្រានចោលការជ្រៀតជ្រែកពីបរទេសហើយគាំទ្ររដ្ឋាភិបាលដែលបង្កើតឡើងដោយកងកម្លាំងយោធា។

គួររំលឹកថា លោកស្រីអ៊ុងសាន ស៊ូជី នឹងប្រធានាធិបតីនមីយ៉ាន់ម៉ា និងព្រមទាំងឥស្សរជនជាន់ខ្ពស់ដទៃទៀតនៃគណបក្ស ត្រូវបានចាប់ឃុំខ្លួនក្នុងការវាយឆ្មក់មួយដោយកងយោធាកាលពីព្រឹកព្រលឹមថ្ងៃចន្ទទី ១ ខែកុម្ភៈកន្លងទៅ បន្ទាប់ពីការបោះឆ្នោតកាលពីខែវិច្ឆិកា ត្រូវបានកងទ័ពយោធាមីយ៉ាន់ម៉ានិយាយថាមានការលួចបន្លំសន្លឹកឆ្នោត១០.៥លានករណី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២