មកដឹងពីមូលហេតុ ដែលបណ្តាលអោយកើតមាន អំពើបាញ់ប្រហារ បណ្តាលអោយបុរស៣នាក់ ស្លាប់

ភ្នំពេញ ៖ រឿងរ៉ាវបន្តិចបន្តួចសោះ មិនព្រមនិយាយគ្នាតាមសម្រួល អាងតែមានកាំភ្លើង ឬមកពីឥទ្ធិពលសុរា ទើបធ្វើអោយក្លាយជាមនុស្ស ក្លាហាន គ្រាន់តែបញ្ហា ចតរថយន្ត បាំងផ្លូវ កើតជាទំនាស់ពាក្យសំដី រវាង អ្នកបើកម៉ូតូ កង់ PassApp នៅមុខហាង លក់ទូរស័ព្ទ យីហោ ពន្លកថ្មី ហើយបានទៅហៅបក្ខពួកមកបាញ់ប្រហារយ៉ាងសាហាវ បណ្តាលឲ្យមានអ្នកស្លាប់ រហូតដល់ទៅ៣នាក់។ ហេតុការណ៍នេះកើតឡើង នៅម៉ោងប្រមាណជា៩យប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតក្នុងបុរី ប៊ុន ហួរ ភូមិព្រៃព្រីង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

បើមើលតាមរយៈវីដេអូរកាមេរ៉ា សុវត្ថិភាព តែមួយជ្រុង ឃើញថា មុនឈានដល់ការបាញ់ប្រហារ យ៉ាងសាហាវ បែបនេះ គឺមានការវាយប្រតាយប្រតប់គ្នា ដោយភាគីម្ខាង ដែលមិនមានកាំភ្លើង ចាប់បុរសម្នាក់ វាយដួលលើដី ទើបបក្ខពួក ខាងម៉ូតូកង់ បី ទាញកាំភ្លើង បាញ់ទៅលើជនរងគ្រោះ ម្នាក់មួយគ្រាប់ចំក្បាល និងចំកន្លែងសំខាន់ បណ្តាលអោយស្លាប់ នៅកន្លែងកើតហេតុម្នាក់ និង២នាក់ទៀត បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។

សមត្ថកិច្ចនគរបាល សង្កាត់ចោមចៅទី២ និងនគរបាលខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថាៈ ករណីខាងលើនេះ ផ្តើមចេញពីរឿងទាស់សម្តី រវាងក្រុមជនដៃដល់ និងក្រុមជនរងគ្រោះ គឺអ្នកបើកបរម៉ូតូកង់បី និងបក្ខពួក បានដកកាំភ្លើងបាញ់ ចំនួន ៣ គ្រាប់ បណ្ដាលឱ្យបុរស ៣ នាក់ បានស្លាប់ បើទោះបីជាបានបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យក៏ដោយ។

ប្រភពដដែល បានឱ្យដឹងនៅព្រឹកថ្ងៃទី១២ កុម្ភៈថាៈ ជនរងគ្រោះទី១. ឈ្មោះ ប៉ូ សូភី អាយុ ៤៥ ឆ្នាំ មុខរបរ ជាអ្នកលក់ដូរ រស់នៅភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ, ទី២.ឈ្មោះ សុខ ស៊ីដេត អាយុ ៤០ ឆ្នាំ មុខរបរ ជាអ្នកលក់ទូស័ព្ទ ស្នាក់នៅកន្លែងកើតហេតុ និងទី៣.ឈ្មោះ សៀក លឹម អាយុ ២៥ ឆ្នាំ។ ចំណែកជនបង្ក ជាអ្នកបើកបរម៉ូតូកង់បី (ផាសអាប់) និងបក្ខពួក ផ្សេងទៀត បានរត់គេចខ្លួនបាត់ ក្រោយពេលបាញ់ប្រហារលើជនរងគ្រោះរួច។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្ត មកឈប់មួយភ្លែត នៅមុខផ្ទះ ដើម្បីដាក់កូន នៅក្បែរកន្លែងកើតហេតុ បន្ទាប់មក គេឃើញ បុរសម្នាក់ បើកម៉ូតូកង់បីឥណ្ឌា មកពីក្រោយ រួចស៊ីផ្លេ ដាក់រថយន្តឲ្យអែប ខណៈផ្លូវ កំពុងមានការកកស្ទះ រួចក៏មានជម្លោះពាក្យសម្ដី ដាក់គ្នា មួយប្រាវ បន្ទាប់មក អ្នកបើកម៉ូតូ កង់បីនោះ ក៏បានបើកចេញទៅបាត់។

ប្រភពបានបន្តថាៈ លុះកន្លះម៉ោងក្រោយមក អ្នកបើកម៉ូតូកង់បី បានត្រឡប់មកវិញម្ដងទៀត ជាមួយបក្ខពួក ជិះម៉ូតូជាច្រើនគ្រឿង ហើយក៏បង្កជាជម្លោះសម្ដីគ្នា បន្ថែមទៀត។ នៅពេលនោះ អ្នកបើកម៉ូតូកង់បីនោះ បានស្ទុះយកកាំភ្លើង ពីបក្ខពួក បាញ់ជនរងគ្រោះ ទាំង៣នាក់ ម្នាក់ ត្រូវមួយគ្រាប់ បណ្ដាលឱ្យស្លាប់ នៅកន្លែងកើតហេតុម្នាក់ និង ២ នាក់ទៀត ដឹកទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ ក៏បានស្លាប់ដែរ។

ក្រោយកើតហេតុភ្លាម លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ លោកវរសេនីយ៍ឯក អ៊េង សោភា នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ កម្លាំងជំនាញ បានចុះពិនិត្យ សាកសួរ ស្រាវជ្រាវ តាំងពីយប់កើតហេតុ រហូតដល់ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីតាមចាប់ខ្លួន ក្រុមជនល្មើស យកមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២