ចាស់ៗហើយ មិនគិតនាំគ្នាទៅវត្តវ៉ា បែរជាដឹកដៃគ្នា ទៅលួចរបស់គេ

ខេត្តបាត់ដំបង ៖ ប្ដីប្រពន្ធវ័យចំណាស់មួយគូ ត្រូវបានកម្លាំងអន្តរាគមន៍ក្រុងបាត់ដំបង ចុះបង្ក្រាបនិងឃាត់ខ្លួន ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិ របស់គេក្នុងផ្សារបន្លែ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ការឃាត់ខ្លួននេះ ធ្វើឡើងនៅចំណុចក្រុមទី០១ ភូមិវត្តលៀប សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ វ៉ា យ៉ុង ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅ ក្រុមទី១ ភូមិវត្តលៀប សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង (ប្ដី) និងឈ្មោះសុខ ផល្លា អាយុ៥៤ឆ្នាំ (ជាប្រពន្ធ)។

តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ កាន់ កុឡាប ភេទស្រី អាយុ៥៣ឆ្នាំ មានទីលំនៅ ភូមិថ្នល់ ទទឹង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានឲ្យដឹងថា ៖ មានជនសង្ស័យ បានធ្វើសកម្មភាព លួចយកកាបូបស្ពាយ ដាក់ប្រាក់និងសម្ភារៈជារបស់ខ្លួន ខណៈពេលយកចេកមកលក់ក្នុងផ្សារ នៅចំណុចក្នុងផ្សារបន្លែ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ពេលលួចបានជនសង្ស័យក៏ឡើងជិះម៉ូតូដែលចេញទៅបាត់។

ក្រោយទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះ កម្លាំងសមត្ថកិច្ចក្រុងបាត់ដំបង បានបើកកិច្ចប្រតិបត្តិការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ បានទាំងពីរនាក់ប្ដីប្រពន្ធ ដោយដកហូតសម្ភារៈមួយចំនួនរួមមាន៖
– ម៉ូតូ ០១ គ្រឿង
– កាបូប ស្ពាយ ពណ៌ ដី ចំនួន ០១
– ទូរស័ព្ទ ០១ គ្រឿង
– ប្រាក់ ដុល្លារ ចំនួន ៣,៧០០ ដុល្លារ
– ប្រាក់ បាត ចំនួន ៩០,០០០ បាត

ប្តីប្រពន្ធវ័យចំណាស់ទាំង២ បានសារភាពថា ពួកគាត់ពិតជាបានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះនៅចំណុចកើតហេតុខាងលើពិតប្រាកដមែន។

បច្ចុប្បន្នកំលាំងជំនាញបានរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមនីតិវិធី រីឯវត្ថុតាងជាទ្រព្យរបស់ជនរងគ្រោះបានប្រគល់ជូនម្ចាស់វិញហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២