ព្រោះតែមិនចង់ធ្វើចត្តាឡីស័ក ពលករខ្មែរមកពីថៃចំនួន៣នាក់ ចូលបង្កប់ខ្លួន ក្នុងរថយន្តយីឌុប ដឹកផ្លែឈើ

ភ្នំពេញ ៖ ព្រោះតែការមិនចង់ ដាក់ខ្លួនឯង ធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ពលករខ្មែរមកពីប្រទេសថៃ បានចូលបង្កប់ខ្លួន នៅក្នុងរថយន្តយីឌុប ដឹកផ្លែឈើ ពីប្រទេសថៃ ចូលមកកម្ពុជា។ ការឆែកឆេរត្រួតពិនិត្យ លើរថយន្តដឹកផ្លែឈើ និងបាបរកឃើញពលករ ចំនួន៣នាក់នេះ ធ្វើឡើងកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។

យោងសេចក្តីរាយការណ៍ ពីសមត្ថកិច្ច បានឲ្យដឹងថា ៖ នៅថ្ងៃទី១៥ ខែកុម្ភៈនេះ កម្លាំងយោធភូមិភាគទី៥ កងពលតូចថ្មើរជើងលេខ ៥៣ ប្រចាំនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើការត្រួតពិនិត្យ រថយន្តយីឌុបមួយគ្រឿង ដែលដឹកផ្លែឈើ ចូលទៅថៃ នៅពេលត្រឡប់ចូលកម្ពុជាវិញ បានលួចបង្កប់ពលករ ចំនួន ៣ នាក់ ហើយត្រូវបានឃាត់ខ្លួន យកទៅធ្វើចត្តាឡីស័ក។ ចំណែកអ្នកបើករថយន្ត បាននាំខ្លួនយកទៅអនុវត្ត តាមនីតិវិធីច្បាប់។ រថយន្តដឹកផ្លែឈើ ដែលលួចបង្កប់ពលករ ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-0549។

សេចក្តីរាយការណ៍ សមត្ថកិច្ចដដែលបានបន្តថាៈ នៅក្នុងថ្ងៃទី១៥ ខែកុម្ភៈ នេះ សមត្ថកិច្ចបានត្រួតពិនិត្យរកឃើញពលករ ចំនួន១០នាក់ ឆ្លងដែនមកពីថៃ ដោយក្នុងនោះ ឃាត់ខ្លួនមេខ្យល់ បានម្នាក់ផងដែរ។

សូមបញ្ជាក់ផងដែរថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការផាកពិន័យ លើពលករខ្មែរ ដែលគេចវេះ មិនធ្វើចត្តាឡីស័កត្រឹមត្រូវ តាមវិធានការសុខាភិបាល នឹងត្រូវទទួលរងការផាកពិន័យ ចំនួន ១.០០០.០០០ រៀល ឬច្រើនជាងនេះ និងទទួលទោសព្រហ្មទណ្ឌ ដូចមានចែង នៅក្នុងច្បាប់ និងបទប្បញ្ញត្តិ ព្រហ្មទណ្ឌ ជាធរមាន៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២