ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ស្នើសុំពលករខ្មែរ ចូលរួមអនុវត្ត៤ចំណុច ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជំងឺកូវីដ១៩ និងបង្កហានិភ័យនៃការចម្លងចូលក្នុងសហគមន៍

ភ្នំពេញ ៖ យោងតាមអនុសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ និងសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ សូមជូនដំណឹងដល់បងប្អូនពលករខ្មែរនៅក្នុងប្រទេសថៃទាំងអស់ មេត្តាជ្រាបថា ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជំងឺកូវីដ១៩ នៅតាមបណ្តាច្រកព្រំដែន ដែលជាហេតុអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតបងប្អូននិងក្រុមគ្រួសារផ្ទាល់ផង និងបង្កហានិភ័យនៃការចម្លងចូលក្នុងសហគមន៍ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានស្នើសុំបងប្អូនពលករខ្មែរទាំងអស់ចូលរួមអនុវត្ត៤ចំណុច រួមមាន៖

១) មិនត្រូវលួចឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសកម្ពុជា ដែលប្រឈមនឹងហានិភ័យខ្ពស់ចំពោះអាយុជីវិតបងប្អូនផ្ទាល់ និងអាចនាំជំងឺឆ្លងចូលទៅក្នុងប្រទេសកម្ពុជាផង។

២) ត្រូវអនុវត្តការធ្វើចត្តាឡីស័កតាមវិធានការសុខាភិបាលដោយមិនត្រូវគេចវេះជាដាច់ខាត បើមានការចាំបាច់ចូលប្រទេសកម្ពុជា។ ករណីគេចវេះមិនធ្វើចត្តាឡីស័ក នឹងត្រូវទទួលពិន័យជាប្រាក់ ១ លានរៀល ឬលើសពីនេះ និងទទួលការផ្តន្ទាទោសព្រហ្មទណ្ឌដូចមានចែងនៅក្នុងច្បាប់ និងបទប្បញ្ញត្តិព្រហ្មទណ្ឌជាធរមាន។

៣) ចូលរួមសហការផ្តល់ព័ត៌មានដល់ស្ថានទូត (នៅបាងកក) ស្ថានអគ្គកុងស៊ុល (នៅខេត្តសាកែវ) ឬអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធនឹងមេខ្យល់ដែលសន្យានាំបងប្អូនពលករឆ្លងដែនចេញ-ចូលខុសច្បាប់តាមបណ្តាច្រកព្រំដែនកម្ពុជា-ថៃ។

៤) ត្រូវគោរពអនុវត្ត និងចូលរួមសហការឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានារបស់រាជរដ្ឋាភិបាលថៃក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បន្តទៀត។

អាស្រ័យហេតុនេះ សូមបងប្អូនមេត្តារក្សាភាពនឹងនរ និងចូលរួមអនុវត្តឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់។ នេះបើតាមស្ថានទូតកម្ពុជាប្រចាំនៅថៃ ដោយបន្ថែមថា ករណីបងប្អូនមានបញ្ហា សូមទំនាក់ទំនងមកកាន់ស្ថានទូតតាមរយៈលេខទូរស័ព្ទ ០៩២ ៨០៥០ ៥៦១ (ផ្នែកកុងស៊ុល) និង ០៩៤ ០៩២៥ ៩០៥ (ផ្នែកអនុព័ន្ធការងារ)៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២