មេក្លោងជួញដូរគ្រឿង ជាមន្រ្តីនគរបាល និងបក្ខពួក៣នាក់ទៀត ត្រូវសមត្ថកិច្ច ចាប់ខ្លួនពាក់ព័ន្ធការជួញដូរគ្រឿងញៀន

ភ្នំពេញ ៖ មេក្លោងជួញដូរគ្រឿង ជាមន្រ្តីនគរបាល និងបក្ខពួក៣នាក់ទៀត ត្រូវសមត្ថកិច្ច ចាប់ខ្លួនពាក់ព័ន្ធការជួញដូរគ្រឿងញៀន រួមជាមួយវត្ថុតាង គ្រឿងញៀន០៥កញ្ចប់តូចធំ។ ប្រតិបត្តិការនេះធ្វើឡើង កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងផ្ទះសំណាក់ស្រែផល នៅភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងដកហូតវត្ថុតាង។ ការបង្ក្រាបនេះ ដោយកម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននករបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលនីតិវិធីពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ជាជំហានដំបូង សមត្ថកិច្ចឃាត់ខ្លួនបានឈ្មោះ ទេព ដារាស័ក្ត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកឥវ៉ាន់អនឡាញ នៅចំណុចផ្លូវបេតុង ភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ដកហូតវត្ថុតាង គ្រឿងញៀនក្រាមពណ៌សចំនួន០២កញ្ចប់តូច និងធំ ,ម៉ូតូចំនួន០១គ្រឿង និងរួមទូរស័ព្ទ០៣គ្រឿង។

ក្រោយពីទទួលបានចម្លើយសារភាព ពីជនសង្ស័យឈ្មោះ ទេព ដារាស័ក្ត សមត្ថកិច្ចបន្តធ្វើការឆែកឆេរបន្ទប់លេខ១៣ ផ្ទះសំណាក់ស្រែផល ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ តាន់ ហុកសេង ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាល ដកហូតវត្ថុតាងថ្នាំញៀនក្រាមពណ៌សចំនួន០៣កញ្ចប់ធំ ដែលជនសង្ស័យឈ្មោះ តាន់ ហុកសេង បានទម្លាក់គ្រឿងញៀនចេញមកក្រៅតាមបង្អួចដើម្បីបំផ្លាញវត្ថុតាងនិងក៏បានរកឃើញវត្ថុតាងជញ្ជីងថ្លឹងគ្រឿងញៀនអេឡិចត្រូនិចចំនួន០១គ្រឿង, ថង់ប្លាស្ទិកសម្រាប់ច្រកគ្រឿងញៀនមួយចំនួន,ទូរស័ព្ទចំនួន០២គ្រឿងនិងបន្តធ្វើការឆែកឆេរបន្ទប់លេខ១៤ សមត្ថកិច្ចក៏បានរកឃើញឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផងដែរ។

ជាបន្តកម្លាំងការិយាល័យជំនាញមានការសហការពីនគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការឆែកឆេរផ្ទះលេខ៩០ ផ្លូវលេខ២៤ បូរីពិភពថ្មី ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យបក្ខពួកចំនួន០២នាក់៖ ១-ឈ្មោះ ទេព ផលរាជនី ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ, ២-ឈ្មោះ ឡូញ ពិសី ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ និងដកហូតវត្ថុតាងជាឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

ជនសង្ស័យនិងវត្ថុតាងគ្រឿងញៀនត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២