ក្នុងដំណាក់កាល កូវីដ-១៩នេះ នៅក្នុងឆ្នាំ២០២០ បានធ្វើឱ្យរោងចក្រ សហគ្រាស ចំនួន ៧៦ នៅក្នុងរាជធានីភ្នំពេញ បានបង្ខំចិត្តបិទទ្វារ

ភ្នំពេញ ៖ លោក ជួន វុឌ្ឍី ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានីភ្នំពេញ បានអោយដឹងថា ក្នុងដំណាក់កាល កូវីដ-១៩នេះ នៅក្នុងឆ្នាំ២០២០ បានធ្វើឱ្យរោងចក្រ សហគ្រាស ចំនួន ៧៦ នៅក្នុងរាជធានីភ្នំពេញ បានបង្ខំចិត្តបិទទ្វារ និងបានធ្វើឱ្យបងប្អូន កម្មករ កម្មការិនី ប្រមាណជាង ៣៥.០០០ នាក់ អត់ការងារធ្វើ។ បន្ថែមពីលើនេះទៀត រោងចក្រ ចំនួន ២៣ ក៏បានបង្ខំចិត្តព្យួរការងារ របស់ខ្លួនផងដែរ ដែលបានធ្វើឲ្យកម្មករ ប្រមាណជាជិត ៤ ម៉ឺននាក់ទៀត ត្រូវព្យួរការងារ។

នេះជាការលើកឡើង ក្នុងកិច្ចប្រជុំពិភាក្សាការងារ ជាមួយគណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា លើការងារសុខាភិបាល សង្គមកិច្ច អតីតយុវជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៅរសៀល ថ្ងៃទី១៦ កុម្ភៈ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកស្រី ឡោក ខេង សមាជិកសភា ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថាៈ ចំពោះគណៈប្រតិភូ គណៈកម្មការទី៨ នៃរដ្ឋសភា ដែលចុះមកជួបពិភាក្សា ការងារនេះ គឺដើម្បីពិនិត្យទៅលើការងារ មួយចំនួនរបស់ រដ្ឋបាលរាជធានីភ្នំពេញ ពិសេសការងារ ដែលរាជរដ្ឋាភិបាល ប្រតិភូកម្មពីថ្នាក់ជាតិ មកឱ្យថ្នាក់ក្រោមជាតិ អនុវត្ត។ ចង់ដឹងពីវឌ្ឍនភាពការងារ ចង់ដឹងពីបញ្ហាប្រឈម និងតម្រូវការមួយចំនួន របស់ថ្នាក់ក្រោមជាតិ សំដៅធ្វើយ៉ាងណា ដើម្បីឲ្យប្រជាពលរដ្ឋ អាចទទួលយកបាន នូវសេវាដែលអាជ្ញាធរថ្នាក់ក្រោមជាតិ ប្រគល់ទៅឲ្យទៅប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ លោក ជួន វុឌ្ឍី បានមានប្រសាសន៍ថាៈ រោងចក្រ សហគ្រាស នៅក្នុងរាជធានីភ្នំពេញ នៅក្នុងឆ្នាំ ២០២០ មានរោងចក្រ ចំនួន ៦៧៥ រោងចក្រ មានកម្មករចំនួន ៣៦១៤៥២នាក់ ក្នុងនោះស្រីចំនួន២៩៤៤០១នាក់ ។ ដោយសារបញ្ហាជំងឺកូវីដ-១៩ បានធ្វើឱ្យរោងចក្រ ចំនួន ១២៣ បានបង្ខំចិត្តព្យួរការងារ និងបានធ្វើឲ្យកម្មករ ចំនួន ៣៨.១៧៧ នាក់ ព្យួរការងារ ។ បន្ថែមពីលើនេះទៀត ដោយសារជំងឺកូវីដ១៩ នេះដែរ ក៏បានធ្វើឱ្យរោងចក្រ ចំនួន ៧៦ បានបិទទ្វារ នឹងបានធ្វើឲ្យកម្មករ ចំនួន ៣៥.៤៧១ នាក់ អត់ការងារធ្វើ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្នុងដំណាក់កាលកូវីដ-១៩នេះ នៅក្នុងរាជធានីភ្នំពេញ ក៏បានបង្កើត រោងចក្រថ្មី ចំនួន ៤៦ រោងចក្រ ដែលបានអោយកម្មករ ចំនួន ៨.៥៤២ នាក់ មានការងារធ្វើ។

ពាក់ព័ន្ធនឹងកម្មករ ដែលអត់ការងារធ្វើ បើតាមការបញ្ជាក់ ពីគណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា បានឲ្យដឹងថាៈ កម្មករដែលអត់ការងារធ្វើ ដោយសារតែការបិទ រោងចក្រ បណ្ដាលមកពីការរីករាលដាល នៃជំងឺកូវីដ-១៩នោះ គឺកម្មករទាំងនោះ ទទួលបានផលប្រយោជន៍ ចំនួន ៣ ពីខាងរោងចក្រ ក្នុងនោះទទួលបាននូវ ប្រាក់បំណាច់ អតីតភាពការងារ ទទួលបានប្រាក់បៀវត្ស ចុងក្រោយ និងទទួលបានប្រាក់ថ្លៃឈប់សម្រាក ដែលនៅសេសសល់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២