ទាញពូថៅ កាប់គូទំនាស់ ២ពូថៅ របួសធ្ងន់ ក្នុងរឿងទំនាស់ពាក្យសំដីបន្តិចបន្តួច

ខេត្តបាត់ដំបង ៖ គ្រាន់តែរឿងទំនាស់ពាក្យសំដីគ្នា បន្តិចបន្តួច យុវជនម្នាក់ បានទាញពូថៅ កាប់ទៅលើគូទំនាស់ ចំនួន២ពូថៅ បណ្តាលអោយរងរបួសធ្ងន់ នៅចំណុចក្រុមទី១០ ភូមិទួល ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ជនសង្ស័យឈ្មោះគី មនោរម្យ ហៅ (គួយ) ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិទួល ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ ចំណែកជនរងគ្រោះឈ្មោះយ៉ុម សំណើម ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា បណ្ដាលឲ្យរងរបួសត្រូវពោះ០១កន្លែងនឹងខ្នង០១កន្លែងយ៉ាងធ្ងន់ធ្ងរព្រោះតែទាស់សម្តីគ្នា។

សមត្ថកិច្ចបន្តថា ក្រោយពីជនដៃដល់កាប់ទៅលើជនរងគ្រោះអ្នកជិតខាងនិងក្រុមគ្រួសារបានជួយទាន់ពេលហើយភ្លាមៗនោះ ក្រុមគ្រួសារក៏បានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុកថ្មគោលដើម្បីសង្គ្រោះបន្ទាន់ផងដែរ។ ចំណែកជនសង្ស័យក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗជាមួយនឹងវត្ថុតាង(ពូថៅ)១ផង ហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២