អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យ ការស្តារប្រឡាយមេរំដោះទឹក ក្នុងខណ្ឌចំនួន៤ នៅជាយក្រុង ដើម្បីរំដោះទឹកនៅរដូវវស្សា

ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដី ពិសេសអាជ្ញាធរខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល និងខណ្ឌមានជ័យ ចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនៃតួប្រឡាយ ស្ថានីយលូ៥ ដើម្បីជម្រុញឲ្យការងារស្តារ ប្រឡាយទួលពង្រទំហំ៨ម៉ែត្រ ទទួលបានជោគជ័យនិងទាន់ពេលវេលា មុនរដូវវស្សាមកដល់ សំដៅធ្វើយ៉ាងណាបើកផ្លូវទឹកឲ្យហូរបានលឿន កាត់បន្ថយការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ នៅក្នុងខណ្ឌចំនួន៤នៅជាយក្រុង។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យ ដូចជា សកម្មភាពកាយបើកមុខទឹកប្រឡាយទួលពង្រ១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ការពិនិត្យសកម្មភាពការស្ដារប្រឡាយភូមិម័រ ខណ្ឌដង្កោ និងការពិនិត្យកាយប្រឡាយនៅ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ និងការពិនិត្យមើលស្ថានីយបូមទឹកលូ៥ជាដើម ដើម្បីជំរុញការងារស្ដារប្រឡាយនេះឲ្យលឿនទាន់ពេលវេលា មុនរដូវវស្សាមកដល់។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ប្រឡាយទាំងប៉ុន្មានខាងលើនេះ ជាប្រឡាយមេ ដែលមានសារៈសំខាន់បំផុតក្នុងការរំដោះ ទឹកពីផ្លូវជាតិលេខ៤ ខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ និងខណ្ឌមានជ័យ។

ឯកឧត្តម ឃួង ស្រេង ក៏បានអំពីនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីស្ដារប្រឡាយទាំងនេះឱ្យបានលឿននិងធំទូលាយ។

ឯកឧត្តម បានបញ្ជាក់ផងដែរថា ចំពោះប្រឡាយដែលមានស្រាប់ មានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានរំលោភ ដោយសាងសង់ផ្ទះ នៅលើតួប្រឡាយតែម្តង។ បញ្ហានេះលោកសំណូមពរឲ្យបងប្អូនប្រជាពរដ្ឋ រុះរើសំណង់នោះចេញពីតួប្រឡាយ ដើម្បីឲ្យក្រុមការងារមានលទ្ធភាព ស្ដារប្រឡាយដោះទឹកនេះ ឲ្យបានលឿនទៅតាមគម្រោងដែលបានគ្រោងទុក។

គួរបញ្ជាក់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោកសាំ ពិសិដ្ឋ បានបញ្ជាក់ឲ្យដឹងថា ជាគម្រោងរដ្ឋបាលរាជធានីភ្នំពេញ ត្រូវស្តារប្រឡាយទួលពង្រ១ ជាប្រឡាយបេតុង ឲ្យបានទទឹង ៨ម៉ែត្របណ្ដោយ ៤៥៤៥ម៉ែត្រ ចាប់ពីភូមិព្រៃព្រីងខាងត្បូងដល់បុរីជីបម៉ុង។ ដាក់លូប្រអប់ទំហំ ២,៦៥ម៉ែត្រគុណនឹង២,៦៥ម៉ែត្រ មានចំនួន៣ជួរប្រវែង៤៤៥ម៉ែត្រ ចាប់ពីបុរីជីពម៉ុងដល់ប្រឡាយបឹងហា។ ដាក់លូប្រអប់ស្របតាមផ្លូវជាតិលេខ៣ ទំហំ ៦ម៉ែត្រគុណនឹង២ម៉ែត្រប្រវែង១២២០ម៉ែត្រ ចាប់ពីបូរីGreen Vill ដល់ដើមប្រឡាយទួលពង្រ និងដាក់លូជ្រុងចំណុចផ្លូវឆ្លងកាត់មានចំនួន៧កន្លែង៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២