អ្នកនាំពាក្យក្រសួងសុខាភិបាលថ្លែងថាស្ថានភាពការឆ្លងជំងឺកូវីដ១៩ មិនសូវអំណោយផល សម្រាប់ប្រទេស កម្ពុជានោះទេព្រោះថាមានភាពសាំញ៉ាំ ជាងព្រឹត្តិការណ៍មុនៗ

ភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២១ នៅទីស្ដីការក្រសួងសុខាភិបាលយ៉ាងដូច្នេះថា “ស្ថានភាពការឆ្លងជំងឺកូវីដ១៩ មិនសូវអំណោយផល សម្រាប់ប្រទេស កម្ពុជានោះទេព្រោះថាមានភាពសាំញ៉ាំ ជាងព្រឹត្តិការណ៍មុនៗ“។

លើសពីនេះលោកជំទាវក៏បន្ថែមថា “ជោគជ័យ ឬមិនជោគជ័យសម្រាប់ការឆ្លងជំងឺកូវីដ១៩ គឺអាស្រ័យលើប្រជាពលរដ្ឋខ្លួនឯង ក្នុងការការពារខ្លួនពីព្រោះវិធានការបានដាក់ចេញជាច្រើនអស់ហើយ”។

លោកជំទាវបន្ដថា ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅពេលនេះ មានការពិបាកជាងព្រឹត្តិការណ៍ សហគមន៍ លើកមុន ពីព្រោះថាមានការពិបាកស្មុគស្មាញ ហើយមានការឆ្លងលឿនជាង មុនទៀត។ លោកជំទាវបន្ថែមថា ព្រឹត្តិការសហគមន៍២០កុម្ភៈមានករណីឆ្លងច្រើន ហើយមានករណី បំប្លែងខ្លួនពីវីរុសកូវីដ១៩ទៀតដែលជាក់ស្តែងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បាន រកឃើញ។

លោកជំទាវបានអំពាវនាវ ចំពោះក្រុមអ្នករត់ម៉ូតូកង់បីដែលធ្លាប់ដឹកភ្ញៀវចេញ.ចូលកន្លែង ត្រូវបានរកឃើញនោះសូមទៅធ្វើតេស្តជាពិសេសអ្នកដឹកជនជាតិចិន។ សូមអ្នកដែលដឹកខ្លួនត្រូវទៅកាន់កន្លែងធ្វើតេស្តនៅកោះពេជ្រ ពហុកីឡដ្ឋានអូឡាំពិក និងចាក់អង់ង្រែក្រោម។

លោកជំទាវរដ្ឋលេខាធិការបានបញ្ជាក់ថា សូមបងប្អូនដែលដឹកខ្លួនថាជាប់ពាក់ព័ន្ធទាំងនោះសូមកុំលាក់បាំងឲ្យសោះ ត្រូវតែទៅកាន់កន្លែងធ្វើតេស្តយកសំណាក ព្រោះប្រសិនជាបងប្អូនមិនទៅធ្វើតេស្តទេ វានឹងឆ្លងទៅកាន់ក្រុមគ្រួសាររបស់ខ្លួននិងសហគមន៍របស់យើង ហើយវានឹងបងជាមហន្តរាយដ៍ធំអាចនឹងកើតមានឡើង ដែលបណ្តាលឲ្យប៉ះពាល់ដល់សុខភាពសង្គមនិងសហគមន៍ទាំងមូល៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២