កម្ពុជា សម្រេចបណ្តេញ ជនជាតិចិន ដែលសរសេរព័ត៌មានមិនពិត ចេញពីព្រះរាជាណាចក្រកម្ពុជា និងហាមឃាត់ចូល ព្រះរាជាណាចក្រកម្ពុជា ជាថ្មី

ភ្នំពេញ ៖ ឯកឧត្តម ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះ សម្រេចលុបអាជ្ញាបណ្ណ សារព័ត៌មាន Angkor Today របស់លោក អ៊ុង គង្គា ក្រោយការផ្សព្វផ្សាយព័ត៌មានបំពុលសង្គម ថា «កម្ពុជាលក់វ៉ាក់សាំងការពារកូវីដ១៩របស់ចិនក្នុងតម្លៃ១២០ដុល្លារ»។

បន្ទាប់ពីការលុបអាជ្ញាបណ្ណ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រេចបណ្តេញ ឈ្មោះ អ៊ុង គង្គា ភេទប្រុស ជនជាតិចិន សញ្ជាតិចិន អាយុ៥២ឆ្នាំ កាន់លិខិតឆ្លងដែនលេខ E99812704 ចេញពីព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធបទល្មើស ប្រព្រឹត្តនៅព្រះរាជាណាចក្រកម្ពុជា ទៅប្រទេសកំណើតវិញ និងហាមឃាត់ចូល ព្រះរាជាណាចក្រកម្ពុជា ជាថ្មី។

ក្នុងលិខិតដដែលបន្តថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍មានភារកិច្ចបណ្តេញជនបរទេស ចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល៧ថ្ងៃ យ៉ាងយូរ គិតចាប់ពីថ្ងៃចេញប្រកាសនេះ។

សូមបញ្ជាក់ថា ពាក់ព័ន្ធដល់ការបណ្តេញ ជនបរទេសនេះ ចេញពីកម្ពុជា បន្ទាប់ពីជនរូបនេះ បានសរសេរព័ត៌មាន នៅលើ ស្ថាប័ន “Angkor Today” បានលើកឡើងថា មានអ្នកអានរបស់ខ្លួនបានផ្តល់ព័ត៌មាន អោយខ្លួនថា នៅរសៀលថ្ងៃនេះពួកគេបានទទួលសារខ្លីនិយាយថា បើហ៊ានចេញថ្លៃសេវា១២០ដុល្លារនឹងទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩។

សារខ្លីនោះបានបង្ហាញទៀតថា ថ្វីត្បិតការណាត់ចាក់វ៉ាក់សាំងមុននេះគឺមិនត្រូវគិតថ្លៃ ប៉ុន្តែម្នាក់ៗត្រូវបង់ប្រាក់ចំនួន១២០ដុល្លារថ្លៃសេវា តម្លៃនេះរួមទាំងថ្លៃសេវាដឹកជញ្ជូនទៅវិញទៅមកផងដែរ ហើយកំណត់ត្រឹម១០០០នាក់ប៉ុណ្ណោះ បើឆ្លើយតប Reply សារនេះគឺអាចណាត់ចាក់វ៉ាក់សាំងបានហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២