ចាប់បានហើយឃាតករ ដែលចូលទៅកាប់បុរស២នាក់ ស្លាប់ នៅខេត្តន្ទាយមានជ័យ ព្រោះតែរឿងស្នេហាត្រីកោណ

ខេត្តបន្ទាយមានជ័យ ៖ សង្គ្រាមស្នេហាត្រីកោណ យុវជនម្នាក់ បានលីដាវ ចូលទៅកាប់ បុរស២នាក់ បណ្តាលអោយម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងម្នាក់ទៀត ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។ ហេតុការណ៍ឃាតកម្មនេះកើតឡើងកាលពី ម៉ោង០៣និង៤០នាទីទៀបភ្លឺថ្ងៃទី២១ខែមីនា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួលមួយ នៅខាងលិចទីតាំងសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចហិរញ្ញវត្ថុ សាខាខេត្តបន្ទាយមានជ័យ (UME) ស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯកភឿង ម៉ាន់សឹង្ហ នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រឹតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថា៖ ជនរងគ្រោះទាំង២នាក់ មាន ឈ្មោះ ឈី ហាក់ អាយុ៣៦ឆ្នាំ នៅភូមិទួលតាម៉ៅ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង មុខរបរជាងដែក ត្រូវជនសង្ស័យកាប់ត្រូវកញ្ចឹងក ផ្នែកខាងក្រោយស្លាប់ក្នុងថ្លុកឈាមនៅនឹងកន្លែង និង ឈ្មោះ រ៉ាត់ ពេជ្រ អាយុ២០ឆ្នាំ នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ត្រូវរងបួសធ្ងន់ត្រង់ផ្នែកសៀតថ្កាខាងឆ្វេង មុតផុងលលាដ៍ក្បាល បានស្លាប់ ពេលដឹកដល់មន្ទីរពេទ្យ។

ចំណែក ជនសង្ស័យ ឈ្មោះ ចាន់ សំណាង (ហៅវ៉ច) ភេទប្រុសអាយុ១៩ឆ្នាំ រស់នៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មុខរបរជាបុគ្គលិកហាងស៊ុបពពែចម្ការខ្នុរ។

លោកបានបន្តថា ៖ ដោយអនុវត្តតាមបទបញ្ជា ចង្អុលបង្ហាញរបស់លោក ឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងដឹកនាំការអនុវត្តដោយលោកឧត្តមសេនីយ៍ត្រីនូ ជីវ័ន្ត ស្នងការរង ទើបកម្លាំងនគរបាលជំនាញព្រហ្មទ័ណ្ឌកម្រឹតធ្ងន់នៃស្នងការដ្ឋានខេត្ត បានបំបែកសំណុំរឿងនេះ ។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចងគំនុំ និងបានយកកាំបិតកាប់ទៅលើជនរងគ្រោះទាំង០២នាក់ ពិតប្រាកដមែន។

ចំពោះមូលហេតុ ជនសង្ស័យជាឃាតកបានបញ្ជាក់ថា ៖ មកពីខ្លួនខឹងនឹងជនរងគ្រោះ ឈ្មោះ រ៉ាត់ ពេជ្រ ដែលបានវាយក្បាលគេចំនួន២ដៃ កាលពីថ្ងៃមុន ដោយចោទថាខ្លួនបានទាក់ទងស្រីស្នេហ៍វ័យក្មេងរបស់គេ ដែលមានឈ្មោះឌុក ស៊ៀវម៉ី អាយុ១៤ឆ្នាំ។

នារសៀលថ្ងៃទី២២ខែមីនា នេះ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រឹតធ្ងន់នៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅការិយាល័យអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២