សមត្ថកិច្ច ឃាត់ខ្លួនសមាជិកក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែតនិងបក្ខពួក ក្នុងករណីនាំ ជនបរទេស ឆ្លងដែនខុសច្បាប់

បន្ទាយមានជ័យ ៖ សមាជិកក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែតម្នាក់នៃក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យម្នាក់ និងបក្ខពួកពីរនាក់ផ្សេងទៀត ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួននៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ នៅចំណុចស្ដារហ្គោល (ចំណុចទ្រុងជ្រូកចាស់របស់ក្រុមហ៊ុនអានកូ) ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ពាក់ព័ន្ធការដឹកមនុស្ស(ដែលជាជនបរទេស) ឆ្លងដែនខុសច្បាប់។

កងទ័ពកងពលតូចថ្មើរជើងលេខ៥១និងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានអោយដឹងថ្ងៃទី២៩ខែមីនាឆ្នាំ២០២១ថា ៖ ជនទាំង៣នាក់ដែលត្រូវបានឃាត់ខ្លួននេះ ទី១៖ឈ្មោះ យឹម នៅ អាយុ៤៧ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែត(ដែលទើបចូលជំនួសថ្មី) រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអ្នកដឹកមនុស្ស ។
ទី២៖ឈ្មោះ ចាន់ ណារ៉ុង អាយុ៤០ឆ្នាំ បុគ្គលិកកាស៊ីណូ ម្ចាស់ផ្ទះលាក់ខ្លួន និងទី៣៖ឈ្មោះ ដែង ជុំ អាយុ៤៦ឆ្នាំ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលឃាត់ខ្លួនឈ្មោះ យឹម នៅ បានធ្វើសកម្មភាពបើកបររថយន្តម៉ាក Camry ពណ៌ស ស្លាកលេខ ព្រះសីហនុ2A-1354 ដឹកមនុស្សចំនួន០៥នាក់ សង្ស័យជនជាតិថៃ លួចឆ្លងដែនទៅប្រទេសថៃ ហើយអ្នកទាំង០៥នាក់ បានរត់ចូលទឹកដីថៃបាត់ បន្សល់ទុកវាលីដាក់ខោអាវ។

លោកវរសេនីយ៍ នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា ៖ កិច្ចសហការគ្នា ជាមួយអង្គភាពផ្សេងទៀត ធ្វើការឃាត់ខ្លួនជនសង្ស័យ០៣នាក់ នាំមនុស្ស(ជនជាតិថៃ?) ឆ្លងដែនខុសច្បាប់ពិតមែន។

មនុស្ស(ដែលជាជាជនជាតិថៃ) មិនបានឃាត់ខ្លួនជាប់ទេ គឺបានតែជនសង្ស័យ ហើយត្រូវបានបញ្ជូនទៅសួរនាំ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២