ចំនួនអ្នកស្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ាកើនឡើងដល់ ៥០០ នាក់ខណៈក្រុមអ្នកតវ៉ា នៅតែបន្តធ្វើបាតុកម្មប្រឆាំងនឹងរបបយោធា

មីយ៉ាន់ម៉ា៖ ក្រុមអ្នកតស៊ូមតិបានឲ្យដឹងកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះថា កងកំលាំងសន្តិសុខមីយ៉ាន់ម៉ា បានសម្លាប់ជនស៊ីវិលយ៉ាងតិច ៥១០នាក់ក្នុងរយៈពេលជិត២ខែមកនេះ ដើម្បីបញ្ឈប់ការធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហាររបស់ខ្លួន ខណៈពលរដ្ឋមីយ៉ាន់ម៉ារាប់ពាន់នាក់នៅតែបន្តចេញមកធ្វើបាតុកម្ម។នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១។

សមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) បាននិយាយថាជនស៊ីវិល ១៤ នាក់ផ្សេងទៀតត្រូវបានសម្លាប់កាលពីថ្ងៃច័ន្ទ នៅជាយក្រុងសេនដាយខាងត្បូងនៃទីក្រុងយ៉ាំងហ្គោន នឹងតួលេខបានបង្ហាញថាចំនួនមនុស្សដែលត្រូវបានសម្លាប់នៅថ្ងៃសៅរ៍ដែលជាថ្ងៃបង្ហូរឈាមបំផុតរហូតមកដល់ពេលនេះបានកើនឡើងដល់ ១៤១នាក់ហើយ។

សាក្សី និងវីដេអូឃ្លីបបានបង្ហាញថាកម្លាំងសន្តិសុខនៅទីនោះបានបាញ់អាវុធដែលមានទម្ងន់ធ្ងន់ជាងធម្មតាដើម្បីលុបរបាំងការពារ។ គេមិនទាន់ដឹងច្បាស់ថាជាប្រភេទអ្វីទេទោះបីជាក្រុមសហគមន៍មួយបានបង្ហោះរូបភាពទាហានម្នាក់ដែលមានគ្រាប់បែកដៃក៏ដោយ។ ទោះបីជាមានការបង្ក្រាបដោយអំពើហឹង្សាក៏ដោយក៏ហ្វូងមនុស្សបានចេញធ្វើបាតុកម្មនៅតាមទីក្រុងនានានៅទូទាំងប្រទេសនេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយនិងបណ្តាញសង្គម។

សូមជម្រាបថា សហរដ្ឋអាមេរិកបានថ្កោលទោសចំពោះការសម្លាប់ជនស៊ីវិលនេះថាជាការប្រើកម្លាំងដ៍សាហាវឃោឃៅ និងអំពាវនាវឱ្យមានការស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ ខណៈដែលអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានជំរុញឱ្យឧត្តមសេនីយ៍មីយ៉ាន់ម៉ាបញ្ឈប់ការសម្លាប់និងការបង្ក្រាបបាតុកម្មដោយហិង្សា៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២