សហរដ្ឋអាមេរិកបញ្ជាឱ្យអ្នកការទូតរបស់ខ្លួនចាកចេញពីប្រទេសមីយ៉ាន់ម៉ា

វ៉ាស៊ីនតោន៖  ក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ ទី៣០ មីនា បានបញ្ជាឱ្យអ្នកការទូតរបស់ខ្លួនដែលមិនចាំបាច់មួយចំនួនចាកចេញពីប្រទេសមីយ៉ាន់ម៉ា ចំពេលកងកម្លាំងយោធាមីយ៉ាន់ម៉ាកំពុងបង្ក្រាបទៅលើក្រុមបាតុករដែលបានសម្លាប់មនុស្សរាប់រយនាក់ចាប់តាំងពីរដ្ឋប្រហារយោធាបានចាប់ផ្តើម។នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន ChannelNewsAsia នៅថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១។

ក្រសួងការបរទេសសហរដ្ឋអាមេរិកបានសេចក្តីថ្លែងការណ៍មួយថា“ យោធាមីយ៉ាន់ម៉ាបានឃុំខ្លួន និងទម្លាក់មន្ត្រីរដ្ឋាភិបាលដែលជាប់ឆ្នោត ខណៈដែលការតវ៉ា និងបាតុកម្មប្រឆាំងនឹងការគ្រប់គ្រងរបបយោធាបានកើតឡើង ហើយត្រូវបានគេរំពឹងថានឹងបន្តរយៈពេលវែង” ។ សេចក្តីថ្លែងការណ៍បានបញ្ជាក់បន្ថែមថា នៅពាក់កណ្តាលខែកុម្ភៈក្រសួងការបរទេសបានអនុញ្ញាតិឱ្យមានការចាកចេញដោយស្ម័គ្រចិត្តរបស់បុគ្គលិករដ្ឋាភិបាលសហរដ្ឋអាមេរិក និងសមាជិកគ្រួសាររបស់ពួកគេ ពីព្រោះបញ្ហាសុវត្ថិភាពនិងសន្តិសុខរបស់បុគ្គលិករដ្ឋាភិបាល និងអ្នកនៅក្នុងបន្ទុកក៏ដូចជាប្រជាជនអាមេរិកឯកជន គឺជាអាទិភាពខ្ពស់បំផុត”។

សូមជម្រាបថា ចំនួនអ្នកស្លាប់ ពីការបង្ក្រាបរបស់យោធាឥឡូវនេះបានកើនឡើងដល់ ៥២០ នាក់ហើយដោយប្រទេសមហាអំណាចនានាបានធ្វើការថ្កោលទោសចំពោះសកម្មភាពរបស់យោធាបន្ទាប់ពីមានរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ  សហរដ្ឋអាមេរិក អង់គ្លេស និងសហភាពអ៊ឺរ៉ុបសុទ្ធតែបានដាក់ទណ្ឌកម្មដើម្បីឆ្លើយតបនឹងរដ្ឋប្រហារនិងការបង្ក្រាប ប៉ុន្តែរហូតមកដល់ពេលនេះសម្ពាធការទូតមិនបានធ្វើឱ្យមេដឹកនាំរបបយោធាមីយ៉ាន់ម៉ាបន្ធូរបន្ថយសកម្មភាពនោះទេ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២