មន្រ្តីជំនាញ ខេត្តបន្ទាយមានជ័យ រកឃើញជម្ងឺប៉េស្តជ្រូកអាហ្វ្រិច (ASF) ក្នុងសត្វជ្រូកដែលនាំចូលពីថៃ

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីជំនាញថា សត្វជ្រូករស់ដែលទើបចាប់បាន១លើកទៀត នៅខេត្តបន្ទាយមានជ័យ ក្រោយពេលធ្វើតេស្តឈាមលទ្ធផលគឺ វិជ្ជមានជម្ងឺប៉េស្តជ្រូកអាហ្វ្រិច(ASF)។

នេះបើយោងតាមលទ្ធផលមន្ទីរពិសោធន៍ វីរុសសាស្ត្រនៃវិទ្យាល័យជាតិ ស្រាវជ្រាវសុខភាពសត្វនិងផលិតកម្មសត្វ របស់អគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពពសត្វ នៃក្រសួងកសិកម្មចេញ ចេញនាថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ លើសំណាកឈាមជ្រូករស់ចំនួន៣៨ក្បាល ដែលសមត្ថកិច្ចចាប់នៅព្រំដែនកម្ពុជា ថៃ នា ខេត្តបន្ទាយមានជ័យ កាលពីរសៀល ថ្ងៃទី៣០ខែមីនាឆ្នាំ២០២១។

លោកហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរ កសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ បានអោយដឹងកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ថា ៖ កាលពីម៉ោង២និង១០នាទីរសៀល ថ្ងៃទី ៣០ខែ មីនា ឆ្នាំ២០២១ ក្រុមអន្តរគមន៍បង្ក្រាបបទល្មើសវិស័យសុខភាពសត្វ ផលិតកម្មសត្វការិយាល័យនេះសហការនឹងកម្លាំងពាក់ព័ន្ធបានធ្វើការឃាត់ចាប់រថយន្ត ០២គ្រឿង។

រថយន្តទី១ ម៉ាកនីសសាន់ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-0388 ដែលផ្ទុកជ្រូករស់ចំនួន២០ក្បាល និងរថយន្តទី២ គ្មានស្លាកលេខពណ៌ខ្មៅ ម៉ាកកាម៉ារី គ្មានស្លាកលេខ ផ្ទុកជ្រូករស់ចំនួន ១៨ក្បាល នៅចំណុចខាងកើតសាលាស្រុកអូរជ្រៅ ក្នុងភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ដែលសត្វជ្រូកបាននាំចូលពីប្រទេសថៃ តាមច្រករបៀង ក្នុងស្រុកអូរជ្រៅ។

ការនាំចូលសត្វជ្រូកនេះដោយមិនមានលិខិតអនុញ្ញាត មិនមានលិខិតបញ្ជាក់សុខភាពសត្វឡើយ។

ម្ចាស់សត្វជ្រូកទាំង២ មធ្យោបាយត្រូវធ្វើកិច្ចសន្យា មិនអោយមានការប្រព្រឹត្តល្មើសជាលើកទី២ទៀត។ ពុំនោះទេនឹងរងផាកពិន័យ ជាប្រាក់បន្ថែម ហើយកសាងសំណុំរឿងទៅផ្តន្ទាទោសផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២