ទឹកជំនន់ភ្លាមៗបានសម្លាប់មនុស្សរាប់សិបនាក់នៅប្រទេសឥណ្ឌូនេស៊ី និងទីម័រខាងកើត

អន្តរជាតិ៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ (BNPB) បានឱ្យដឹងថា កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ទឹកជំនន់ភ្លាមៗមួយដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង បានសម្លាប់មនុស្ស ៤១នាក់នៅលើកោះ Flores របស់ឥណ្ឌូនេស៊ី ហើយយ៉ាងហោចណាស់មានមនុស្ស ៣ នាក់ផ្សេងទៀតត្រូវបានគេរាយការណ៍ថាបានស្លាប់នៅក្នុងប្រទេសទីម័រខាងកើត។នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន ChannelNewsAsia នៅថ្ងៃចន្ទ ទី០៥ ខែមេសា ឆ្នាំ២០២១។

អ្នកនាំពាក្យរបស់ BNPB លោក Raditya ​បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាយ៉ាងហោចណាស់មានក្រុមគ្រួសារចំនួន ៤៩ គ្រួសារបានរងការវាយប្រហារនៅលើតំបន់ Flores នៅភាគខាងកើតនៃប្រជុំកោះដ៏ធំរបស់ឥណ្ឌូនេស៊ី  ដែលក្នុងនោះមនុស្ស​៤៤​នាក់​បាន​ស្លាប់ និង​៩​នាក់​បាន​របួសយ​នៅ​មាន​ច្រើន​នាក់​ទៀត​​ស្ថិត​នៅ​ក្រោម​ដីភក់​….. ផ្ទះរាប់សិបខ្នងរបស់អ្នកស្រុកត្រូវបានហូរនាំទៅតាមទឹកជំនន់។ ​លោកបានបញ្ជាក់បន្ថែមថា ក្រុមអ្នកជួយសង្គ្រោះកំពុងប្រយុទ្ធនឹងភ្លៀងធ្លាក់ខ្លាំង ​ខ្យល់ខ្លាំង​ និងរលកធំៗ។

ដោយឡែក ប្រទេសទីម័រខាងកើតដែលជាប្រទេសជិតខាងឥណ្ឌូនេស៊ី ត្រូវបានគេរាយកាណ៍ថា​ មានក្មេងអាយុ ២ ឆ្នាំម្នាក់ក្នុងចំណោមមនុស្សយ៉ាងតិច ៣ នាក់បានស្លាប់នៅក្នុងការរអិលបាក់ដីនៅជាយក្រុងនៃរដ្ឋធានីឌីលី ទោះបីយ៉ាងណាក្តីមិនទាន់មានចំនួនអ្នកស្លាប់និងរបួសជាផ្លូវការទេ។ ឧបនាយករដ្ឋមន្ត្រីទីម័រខាងកើតលោក ហ្សូសរីស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ ភ្លៀងធ្លាក់ខ្លាំងនិងទឹកហូរបានធ្វើឱ្យលង់ទឹកផ្ទះប្រជាជននិងបានឆក់យកជីវិតជនរងគ្រោះជាច្រើនផងដែរ លោកបានហៅឧប្បត្តិហេតុនេះថា ជាហេតុការណ៍អាក្រក់បំផុតនៅទីម័រខាងកើតក្នុងរយៈពេល ៤០ឆ្នាំចុងក្រោយនេះ”។

សូមជម្រាបថា ទីភ្នាក់ងារអាកាសធាតុឥណ្ឌូនេស៊ីបាននិយាយថាព្យុះស៊ីក្លូនត្រូពិក (tropical cyclone)មួយកំពុងខិតទៅជិតច្រកសមុទ្រសាវូ(Savu)រវាងផ្នែកខាងត្បូងនៃខេត្តណុសធាងហ្គារ៉ា(Nusa Tenggara) និងឆ្នេរសមុទ្រភាគខាងជើងរបស់ទីម័រដោយព្រមានថាវាអាចនាំមកនូវភ្លៀងធ្លាក់ខ្លាំង រលកនិងខ្យល់បក់ខ្លាំងផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២