ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៖ ក្នុងករណីអ្នកជំងឺកូវីដ-១៩ មានចំនួនច្រើន ហើយមន្ទីរពេទ្យមិនមានកន្លែងទទួលព្យាបាលបាននោះ វិធានការចំពោះមុខ គឺតម្រូវឱ្យអ្នកជំងឺកូវីដ-១៩ ព្យាបាលនៅតាមផ្ទះវិញសម្រាប់អ្នកជំងឺស្រាល

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹក ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ បានប្រកាសថា ក្នុងករណីអ្នកជំងឺកូវីដ-១៩ មានចំនួនច្រើន ហើយមន្ទីរពេទ្យមិនមានកន្លែងទទួលព្យាបាលបាននោះ វិធានការចំពោះមុខ គឺតម្រូវឱ្យអ្នកជំងឺកូវីដ-១៩ ព្យាបាលនៅតាមផ្ទះវិញសម្រាប់អ្នកជំងឺស្រាល ហើយសម្រាប់អ្នកជំងឺកូវីដ-១៩ដែលមានសភាពធ្ងន់គឺព្យាបាលនៅតាមមន្ទីពេទ្យ។

បើតាមសារជាសំឡេងរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី ហើយត្រូវបានចែកចាយលើបណ្តាញសង្គម នៅព្រឹក ថ្ងៃទី៦ ខែមេសា ថា សម្តេចតេជោបានណែនាំដល់ក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ត្រូវគិតគូរ និងរៀបចំផែនការទុកជាមុន ក្នុងករណីមានអ្នកជំងឺកូវីដកើនឡើងកាន់តែច្រើន ហើយមិនអាចមានទីតាំងសម្រាប់ព្យាបាលបាន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ «ឥឡូវនេះយើងត្រូវព្យាករសភាពការណ៍ជាមុន អំពីសមត្ថភាពទ្រទ្រង់បាន នៃមន្ទីរពេទ្យរបស់យើង។ បើសិនជំងឺមិនថមថយទេនោះ គឺមន្ទីរពេទ្យរបស់យើង នឹងពេញហៀរជោរជន់ទៅដោយអ្នកជំងឺទាំងស្រាល និងធ្ងន់។ ដូច្នេះយើងត្រូវតែរៀបចំទុកជាមុន ដោយយកវិធីសាស្ត្រ តាមបណ្តាប្រទេស ដែលមានអ្នកជំងឺច្រើន រាប់ទាំងនៅសហរដ្ឋអាមេរិក បារាំង អឺរ៉ុប និងបណ្ដាប្រទេសមួយចំនួនទៀត ដែលមានអ្នកជំងឺលើសពីចំនួនមន្ទីរពេទ្យដែលអាចទទួលបាន»។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី បានបន្ដថា សម្រាប់អ្នកព្យាបាលនៅតាមផ្ទះ ត្រូវតែមានស្ថានភាពជំងឺស្រាល និងមានផ្ទះសមរម្យ ដែលអាចព្យាបាលបាន។ មួយវិញទៀត បើផ្ទះរបស់អ្នកជំងឺមានទំហំតូច អាចឆ្លងរាលដាលទៅដល់ក្រុមគ្រួសារ ក៏ត្រូវយកទៅមន្ទីរពេទ្យដែរ។ សម្តេចបានប៉ាន់ប្រមាណថា យ៉ាងហោចណាស់ អាចមានអ្នកជំងឺ៥០ភាគរយ មានស្ថានភាពស្រាល ហើយចង់ព្យាបាលនៅតាមផ្ទះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី បានបន្ដថា ទន្ទឹមនឹងការគិតគូរ អំពីលទ្ធភាពឱ្យអ្នកជំងឺកូវីដ១៩ ព្យាបាលតាមផ្ទះ សម្តេចក៏បានណែនាំឱ្យគិតគូរ អំពីការគ្រប់គ្រងអ្នកជំងឺ ការទៅព្យាបាលរបស់គ្រូពេទ្យ ព្រមទាំងការឧបត្ថម្ភជាថវិកា និងចំណីអាហារផ្សេងផងដែរ។ ដោយឡែកសម្រាប់គ្រូពេទ្យព្យាបាលអ្នកជំងឺស្រាលនោះ ក៏ត្រូវបណ្ដុះបណ្ដាល និងយកអ្នកស្ម័គ្រ នៅតាមស្រុក ខណ្ឌ ហើយមិនអាចយកក្រុមគ្រូពេទ្យចេញពីមន្ទីរពេទ្យធំៗទៅទេ ព្រោះអ្នកជំងឺធ្ងន់ គឺត្រូវតែយកមកមន្ទីរពេទ្យធំ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២