បាតុករមីយ៉ាន់ម៉ាជាង ៦០០នាក់ត្រូវបានសម្លាប់ ខណៈឧត្តមសេនីយ៍ Min Aung Hlaing មេដឹកនាំរដ្ឋប្រហារចោទក្រុមប្រឆាំងថាមានបំណងបំផ្លាញប្រទេសជាតិ

មីយ៉ាន់ម៉ា៖ ក្រុមសកម្មជន និងប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ាបានឱ្យដឹងថា កងកម្លាំងយោធាបានបើកការបាញ់ប្រហារទៅលើក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យកាលពីថ្ងៃពុធម្សិលមិញនេះ ដោយបានសម្លាប់មនុស្សយ៉ាងតិច ១៥ នាក់និងរងរបួសរាប់រយនាក់ ខណៈមេដឹកនាំយោធាបាននិយាយថាក្រុមបាតុករប្រឆាំងមានគោលបំណងបំផ្លាញប្រទេសជាតិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ ងារ​ព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែមេសា ឆ្នាំ២០២១។

ក្រុមស្រាវជ្រាវដែលមានមូលដ្ឋាននៅទីក្រុងឡុងបាននិយាយថាកងកម្លាំងយោធាបានបាត់បង់ម្ចាស់ការ ដោយសម្លាប់ជនស៊ីវិលប្រហែល ៦០០ នាក់នៅក្នុងស្ថានភាពច្របូកច្របល់ចាប់តាំងពីរដ្ឋប្រហារ ទោះយ៉ាងណាការតវ៉ានិងកូដកម្មទូទាំងប្រទេសនៅតែបន្តកើតមាន ទោះបីជាមានការបង្ហូរឈាមជារៀងរាល់ថ្ងៃក៏ដោយ។

ឧត្តមសេនីយ៍ Min Aung Hlaing មេដឹកនាំរដ្ឋប្រហារកងទ័ពដែលបានបណ្តេញរដ្ឋាភិបាលជាប់ឆ្នោតរបស់មីយ៉ាន់ម៉ាកាលពីថ្ងៃទី ១ ខែកុម្ភះបាននិយាយថាគោលបំណងនៃចលនាមិនគោរពរដ្ឋប្បវេណីរបស់ក្រុមបាតុករ គឺជាចលនាដើម្បីបំផ្លាញប្រទេស។

សមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) បាននិយាយកាលពីថ្ងៃពុធថាយោធាកំពុងតែផ្តោតការបង្ក្រាបរបស់ខ្លួនទៅលើតំបន់ជនបទ។ សមាគម AAPP បានឲ្យដឹងទៀតថានៅក្នុងទីប្រជុំជនភាគពាយព្យនៃកងកំលាំងសន្តិសុខបានបាញ់គ្រាប់បែកដៃ និងកាំភ្លើងយន្តទៅលើក្រុមអ្នកតវ៉ា ដែលយ៉ាងហោចណាស់មនុស្ស ៨នាក់ត្រូវបានសម្លាប់។ ពួកគេក៏បានវាយឆ្មក់ចូលផ្ទះនិងគ្លីនិកសហគមន៍ផងដែរ។

ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន Myanmar Now បាននិយាយថាមនុស្ស ១១ នាក់បានស្លាប់និងជាច្រើននាក់រងរបួសនៅតាមបណ្តាសង្កាត់នានាក្នុងតំបន់សាហ្គាន។

គួរជម្រាបផងដែរថា គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ បាតុករចំនួន ៥៩៨នាក់ត្រូវបានសម្លាប់ដោយកងកំលាំងសន្តិសុខចាប់តាំងពីរដ្ឋប្រហារ និងមនុស្ស ២.៨៤៧ នាក់ខ្លួនផ្សេងទៀតកំពុងត្រូវបានឃុំឃាំង ដែលក្នុងនោះ រួមទាំងលោកស្រីស៊ូជី និងឥស្សរជនសំខាន់ៗនៅក្នុងគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រីដែលបានឈ្នះការបោះឆ្នោតកាលពីខែវិច្ឆិកាកន្លងទៅ៕

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២