ត្រៀមខ្លួនទៅ! អ្នកមិនគោរពដោយចេតនាវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូដ-១៩ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នឹងត្រូវពិន័យអន្តរការណ៍ ពី ២លានរៀលដល់៥លានរៀល បើមិនបង់ប្រាក់ពិន័យ ត្រូវបញ្ជូនទៅតុលាការ

ភ្នំពេញ ៖ អ្នកមិនគោរពដោយចេតនាវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកប ដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នឹងត្រូវពិន័យអន្តរការណ៍ ពី ២លានរៀលដល់៥លានរៀល ហើយក្នុងករណី បើមិនបានបង់ប្រាក់ពិន័យ ក្នុងរយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃបានទទួលបង្កាន់ដៃ និងត្រូវបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាធរមាន។

យោងតាមសេចក្តីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ ចេញកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ បន្តថា ៖ បន្ថែមលើការទទួលរងនូវការពិន័យអន្តរការណ៍ខាងលើ ក្នុងករណីដែលអំពើមិនគោរពដោយចេតនាវិធានការ រដ្ឋបាល ដូចមានចែងក្នុងប្រការ១ នៃសេចក្ដីសម្រេចនេះ បណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ ឬបង្ក ឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈនោះ បុគ្គលល្មើសនឹងទទួលរងនូវការផ្តន្ទាទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់ ស្របតាមមាត្រា១០ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និង ជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ អភិបាល នៃគណៈអភិបាលខណ្ឌទាំង១៤ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញ ប្រធាន រតនាគាររាជធានីភ្នំពេញ ប្រធានមន្ទីរ -អង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ ត្រូវទទួលបន្ទុកអនុវត្ត សេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២