ខណ្ឌចំនួន០៣ ត្រូវបាន រដ្ឋបាលរាជធានីភ្នំពេញ កំណត់ជាតំបន់ក្រហម ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ១៩

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចកំណត់តំបន់មួយចំនួន កាលពីល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ដាក់ជាតំបន់ក្រហម ដែលស្ថិតនៅក្នុងភូមិសាស្ដ្រ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌទួលគោក ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ១៩។

នៅក្នុងលិខិត របស់ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ទីតាំងដែលត្រូវកំណត់ជា «តំបន់ក្រហម» នៅរាជធានីភ្នំពេញនោះរួមមាន ទី១- ភូមិសាស្ដ្រ សង្កាត់ស្ទឹងមានជ័យទី១, សង្កាត់ស្ទឹងមានជ័យទី២ និងសង្កាត់ស្ទឹងមានជ័យទី៣ នៃខណ្ឌមានជ័យ។ ទី២- ភូមិសាស្ដ្រសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ និងទី៣- ភូមិ១៤, ភូមិ១៦ និងភូមិ១៧ នៃសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា តំបន់ក្រហម ត្រូវបានរាជរដ្ឋាភិបាលបានចេញសេចក្តីណែនាំដោយកំណត់ថា ជាតំបន់ដែលមានការឆ្លងរីករាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ១៩ ហើយត្រូវរឹតបន្ដឹងការអនុវត្តវិធានការឲ្យបានម៉ឺងម៉ាត់បំផុត ។ ហាមឃាត់ដាច់ខាតរាល់ការធ្វើដំណើរចេញ-ចូល ឆ្លងកាត់តំបន់ក្រហមនេះទាំងអស់ លើកលែងតែមន្ត្រី ជំនាញ មានលិខិតអនុញ្ញាត និងអ្នកពាក់ព័ន្ធមួយចំនួនទៀតដែលមាន កាតព្វកិច្ចជួយសង្គ្រោះ តែប៉ុណ្ណោះ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២