សម្តេចក្រឡាហោម ស ខេង ក្រើនរំលឹកដល់អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងអនុវត្តច្បាប់ទាំងអស់ ដាច់ខាត ជាពិសេសត្រូវចៀសវាងការប្រើអំពើហិង្សាក្នុងការដោះស្រាយបញ្ហា នៅពេលអនុវត្តរាល់បទបញ្ជា ឬ វិធានការនានារបស់រាជរដ្ឋាភិបាល

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បានផ្ញើសារលិខិត ជូនអាជ្ញាធរមានសមត្ថកិច្ច និងកងម្លាំងអនុវត្តច្បាប់ ក្នុងស្ថានភាពនៃការអនុវត្តវិធានការបិទខ្ទប់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយបានក្រើនរំលឹកដល់អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងអនុវត្តច្បាប់ទាំងអស់ សូមបន្តយកចិត្តទុកដាក់បំពេញភារកិច្ចប្រកបដោយការអត់ធ្មត់ ដោយប្រកាន់ខ្ជាប់នូវវិន័យ អាកប្បកិរិយាថ្លៃថ្នូរ ម៉ឺងម៉ាត់ និងត្រូវគោរពគោលការណ៍នៃក្រមសីលធម៌វិជ្ជាជីវៈរបស់កងកម្លាំងឲ្យបានជាដាច់ខាត ជាពិសេសត្រូវចៀសវាងការប្រើអំពើហិង្សាក្នុងការដោះស្រាយបញ្ហា នៅពេលអនុវត្តរាល់បទបញ្ជា ឬ វិធានការនានារបស់រាជរដ្ឋាភិបាល។

ក្នុងនោះដែរ សម្តេចក្រឡាហោម ស ខេង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្នទាំងអស់ ចូលរួមអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាសហការអនុវត្តតាមការណែនាំរបស់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ដើម្បីបុព្វហេតុ នៃការកាត់ផ្តាច់ និងឈានទៅបញ្ចប់ការឆ្លងរាលដាល ក្នុងសហគមន៍នៃជំងឺកូវីដ-១៩ សំដៅនាំស្ថានការណ៍ និងគ្រប់សកម្មភាពរបស់សង្គម វិលមករកប្រក្រតីភាពឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ។

សម្តេចក្រឡាហោមស ខេង ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្នុងនាមសម្តេចផ្ទាល់ សូមសម្តែងនូវការកោតសរសើរ យ៉ាងស្មោះស្ម័គ្រ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងអនុវត្តច្បាប់ពាក់ព័ន្ធទាំងអស់ ដែលបាននឹងកំពុងចាត់តចាត់តាំងអនុវត្តយ៉ាងសកម្ម ផុសផុល នូវគោលការណ៍នានារបស់រាជរដ្ឋាភិបាលប្រកបដោយការប្តេជ្ញាចិត្ត និងស្មារតីទទួលខុសត្រូវ ក្នុងភារកិច្ចបិទខ្ទប់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមមូលដ្ឋាននានាក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល។

ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផៃ្ទ សម្តេចយល់ច្បាស់អំពីការលំបាក ផលប៉ះពាល់ និងបញ្ហាប្រឈមផ្សេងៗ ដែលអាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងកងកម្លាំងអនុវត្តច្បាប់ទាំងអស់ កំពុងជួបប្រទះនៅក្នុងស្ថានភាពបច្ចុប្បន្ននេះ។ ក៏ប៉ុន្តែទោះបីជាយ៉ាងណា សម្តេចសូមជំរុញទឹកចិត្តឲ្យបងប្អូនបន្តរក្សា និងប្រកាន់ខ្ជាប់នូវការអត់ធ្មត់ខ្ពស់ ដើម្បីទទួលបានការគាំទ្រ និងការចូលរួមពីគ្រប់មជ្ឈដ្ឋាន ក្នុងការបំពេញបេសកកម្មដ៏មានសារៈសំខាន់លើសមរភូមិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ឲ្យទទួលបានជោគជ័យ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២