ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើដំណើរទៅកាន់ទីក្រុងហ្សាកាតា ដើម្បីចូលរួមប្រជុំអាស៊ានពិសេសនៅរសៀលនេះ

(ភ្នំពេញ) ​៖ នៅលើផេកផ្លូវការរបស់សម្ដចេអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅរៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ អោយដឹងថា ពេលនេះសម្ដេចកំពុងតែធ្វើដំណើរតាមយន្តហោះពិសេសចូលរួមកិច្ចប្រជុំអាស៊ានពិសេសនៅរសៀលនេះ សម្ដេចបានសរសេរថា«នៅពេលនេះ ខ្ញុំកំពុងដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលជាន់ខ្ពស់តាមជើងយន្តហោះកម្ពុជាពិសេសឆ្ពោះទៅកាន់ទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេស។ មេដឹកនាំអាស៊ានភាគច្រើននឹងទៅដល់ទីក្រុងហ្សាកាតានៅរសៀលនេះ»។

តាមកម្មវិធីគ្រោងទុក នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ សម្ដេចនឹងចូលរួមកិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំអាស៊ាន និងជំនួបមួយចំនួនជាមួយបណ្ដាមេដឹកនាំអាស៊ានផ្សេងទៀត។ ក្រោយពីចប់កិច្ចប្រជុំពេញមួយថ្ងៃហើយ ខ្ញុំនឹងវិលត្រឡប់មកកម្ពុជាវិញនៅល្ងាចថ្ងែទី២៤ មេសា ដដែលនេះ។

ពេលមកដល់កម្ពុជាភ្លាម សម្ដេចនិងគណៈប្រតិភូនឹងផ្ដល់សំណាកដើម្បីពិនិត្យកូវីដ១៩ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតែម្ដងដើម្បីធានាសុវត្ថិភាពសុខភាពទាំងអស់គ្នា។

ជាមួយគ្នានេះ សម្ដេចក៏សូមអរគុណដល់អាជ្ញាធរ សមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធ ដែលបានយកចិត្តទុកដាក់ក្នុងការអនុវត្តវិធានការការពារកូវវីដ១៩ ដើម្បីថែរក្សាការពារអាយុជីវិតប្រជាពលរដ្ឋ ព្រមទាំងការផ្គត់ផ្គង់ស្បៀងអាហារជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។ អរគុណសប្បុរសជនទាំងអស់ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលនិងចូលរួមឧបត្ថម្ភដោយផ្ទាល់ដល់ប្រជាពលរដ្ឋដែលកំពុងត្រូវការជំនួយស្បៀងអាហារ។

សូមបងប្អូនបន្តរស់នៅក្នុងផ្ទះ និងអនុវត្តវិធានការការពារកូវីដ១៩ អោយបានខ្ជាប់ខ្ជួនបំផុតតាមការណែនាំរបស់ក្រសួងសុខាភិបាល និង រាជរដ្ឋាភិបាល៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២