វ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាមេរិកនៅថ្ងៃពុធសប្តាហ៍នេះ បានបញ្ជាឱ្យបុគ្គលិកដែលមិនមានភារកិច្ចចាំបាច់របស់ខ្លួនមួយចំនួនចាកចេញពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថានដោយសារបញ្ហាសន្តិសុខ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២១។
អគ្គរដ្ឋទូតអាមេរិកប្រចាំនៅអាហ្វហ្គានីស្ថានលោក Ross Wilsonបានសរសេរនៅលើបណ្តាញទំនាក់ទំងសង្គមរបស់លោកថា ” ការអនុញ្ញាត្តឱ្យមន្ត្រីមួយចំនួយចាកចេញពេលនេះ ដោយសារព្រួយបារម្ភពីការមើលឃើញពីការកើនឡើងនូវអំពើហឹង្សា និងរបាយការណ៍គំរាមកំហែងនានានៅទីក្រុងកាប៊ុល” ។ លោកបានបញ្ជាក់បន្ថែមថា “ការចាកចេញនេះនឹងប៉ះពាល់ដល់ បុគ្គលិកមួយចំនួនតូចនៅស្ថានទូតអាមេរិកប្រចាំក្រុងកាប៊ុល ដែលពួកគេត្រូវមានភារកិច្ចអនុវត្តនៅកន្លែងផ្សេងទៀត” ។
ការប្រកាសដកមន្ត្រីចេញពីអាហ្គានីស្ថាននេះបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតី Joe Biden បានប្រកាសកាលពីដើមខែនេះថា កងទ័ពសហរដ្ឋអាមេរិក និងកងទ័ពអូតង់នឹងចាប់ផ្តើមដកខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថាន។
ទោះជាយ៉ាងណាក៏ដោយ ក្នុងអំឡុងអាណ្ណត្តិរបស់លោក ដូណាល់ ត្រាំ និងក្រុមតាលីបង់ បានកំណត់យកថ្ងៃទី១ ឧសភាជាថ្ងៃផុតកំណត់ក្នុងការដកកងទ័ពអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថាន ខណៈដែលពួកតាលីបង់ក៏បានព្រមានពីផលវិបាកជាច្រើន ប្រសិនបើរដ្ឋបាល Joe Biden ខកខានមិនបានអនុវត្តតាមឱសានវាទនោះ។
សូមជម្រាបថា អាមេរិកមានកងទ័ពប្រហែល ៣.៥០០ នាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានហើយកងទ័ពអូតង់ប្រហែល ៧.០០០ នាក់ ដែលពឹងផ្អែកលើជំនួយគាំទ្រ ពីសហរដ្ឋអាមេរិកទាំងស្រុង៕