រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំទ្រង់ទ្រាយធំ ដើម្បីរកគន្លឹះ ទប់ទល់ការផ្ទុះកូវីដ៩

ខេត្តបន្ទាយមានជ័យ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី ៥ខែឧសភាឆ្នាំ២០២១ នាសាលប្រជុំ សាលាខេត្ត បានបើកប្រជុំទ្រង់ទ្រាយធំ លើកដំបូងចាប់តាំងពីផ្ទះកូវីដ១៩ ខ្លាំងនៅក្រុងប៉ោយប៉ែត មក។

លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានរបៀបវារៈសំខាន់ៗរួមមានៈ ១/ ប្រសាសន័បើកកិច្ចប្រជុំរបស់លោកអភិបាលខេត្ត។២/ សេចក្ដីណែនាំលេខ០២ សណន ចុះថ្ងៃទី២៥ខែមេសាឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ។ ៣/ សេចក្ដីសម្រេចលេខ៥៣ សសរ របស់ចុះថ្ងៃទី២៥ខែមេសាឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលរាជរដ្ឋាភិបាល ។៤/ សេចក្តីណែនាំលេខ០១៦ សណន ចុះថ្ងៃតិ២៨ខែមេសាឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ។ ៥/ សេចក្ដីជូនដំណឹងលេខ២០៨ សខល ចុះថ្ងៃទី៣ខែឧសភាឆ្នាំ២០២១ របស់ក្រសួងសុខាភិបាល ដែលផ្ដោតសំខាន់លើការងារអនុវត្តទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ ។៦/ សេចក្តីសម្រេចបិទខ្ទប់និងកំណត់តំបន់ក្រហមនៅទីតាំងភូមិសាស្ត្រក្រុងប៉ោយប៉ែត ព្រមទាំងមតិចូលរួមរបស់សមាជិកអង្គប្រជុំ បញ្ហាផ្សេងៗនិងសំណូមពរ ។

ក្នុងនោះខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី២២ ខែមេសា ២០២១ នេះ បានផ្ទុះនូវការឆ្លងរាលដាលនៃជម្ងឺកូវីដ ១៩ សហគមន៍ នៅក្រុងប៉ោយប៉ែតពីយប់ថ្ងទី២២ខែមេសាឆ្នាំ២០២១ មក ហើយមកត្រឹមថ្ងៃទី ៤ខែឧសភា មានវិជ្ជមានកូវីដ១៩ ចំនួន ៦១៦នាក់ លើអ្នកពាក់ព័ន្ធត្រូវយកសំណាកជាង១.០០០នាក់ ។

លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថាៈ ពេលនេះគឺជាដំណាក់កាលត្រូវអនុវត្ត កាតព្វកិច្ចពាក់ម៉ាសនិងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលជំងឺកូវី១៩ ក្នុងសហគមន៍។

លោកបានបន្តថាៈ ដើម្បីធានារក្សាសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្រសួងមហាផ្ទៃបានដាក់ចេញនូវគោលការណ៍ និងវិធានការជាបន្តបន្ទាប់ក្នុងការបង្ការទប់ស្កាត់ និងបង្រ្កាបសកម្មភាព នាំមនុស្សឆ្លងកាត់ព្រំដែន ដោយខុសច្បាប់និងការគ្រប់គ្រងជនបរទេស ស្របតាមច្បាប់។

រដ្ឋបាលខេត្តបានកត់សម្គាល់ឃើញថា ករណីនៃការនាំពលរដ្ឋកម្ពុជានិងជនបរទេស ឆ្លងកាត់ព្រំដែនដោយខុសច្បាប់ នៅតែកើតមានជាបន្តបន្ទាប់។ ក្នុងនោះ ក៏មានករណីមួយចំនួនមានក្រុមមេខ្លោងនិងមេខ្យល់ក្នុងស្រុក ឃុបឃិតជាមួយមេក្លោង មេខ្យល់ខាងក្រៅ ដើម្បីរត់ពន្ធមនុស្សឆ្លងកាត់ព្រំដែនដោយខុសច្បាប់ផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២