បំផ្លាញ អាល់កុលក្លែងក្លាយ ជិត១២តោន ក្រោយបង្ក្រាបបាននៅទីផ្សារ

ភ្នំពេញ ៖ អាល់កុលក្លែងក្លាយ ឬមេតាណុលជិត ១២តោន ត្រូវបានមន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម បំផ្លាញចោល ក្រោយបង្ក្រាបបាន។

អាល់កុល ឬ​អេតាណុល គឺជា​សារធាតុ​ដែល​គេ​យកមកប្រើ​សម្រាប់​សម្លាប់​មេរោគ ពិសេស​ក្នុងដំណាក់កាល​ដែល​ដែល​ជំងឺ​កូ​វីដ​-១៩ កំពុង​រីក​រាលដាល​ខ្លាំង ធ្វើឱ្យ​តម្រូវការ​អាល់កុល​មានការ​កើនឡើង​ខ្ពស់ ជាហេតុ​នាំឱ្យមាន​បុគ្គល​ឆ្លៀតឱកាស​មួយចំនួន បាន​បន្លំ​យក​សារធាតុ​មេ​តា​ណុល (Methanol) មក​លក់​ជូន​ប្រជាពលរដ្ឋ​ដើម្បី​យកទៅ​សម្លាប់​មេរោគ ឬ​ធ្វើជា​សារធាតុ​ផ្សំ​សម្រាប់​ផលិត​ជែ​ល​សម្លាប់​មេរោគ​ជាដើម​។

សារធាតុ​គីមី​មេ​តា​ណុល​គឺជា​សារធាតុពុល ដែល​គេ​ច្រើន​ប្រើ​ធ្វើជា​សារធាតុ​សម្រាប់​រំលាយ​។ ការប្រើប្រាស់​មេ​តា​ណុល​ធ្វើជា​សារធាតុ​សម្លាប់​មេរោគ មិន​ត្រឹមតែ​មិនមាន​ប្រសិទ្ធភាព​ក្នុងការ​សម្លាប់​មេរោគ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បណ្តាលឱ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​ប្រើ ដូចជា​បណ្តាលឱ្យ​រលាក​ស្បែក រលាក​ភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយដេក បាត់បង់​ស្មារតី ក្អួតចង្អោរ រំខាន​ដល់​ការរំលាយ​អាហារ ឬ​អាច​បណ្តាល​ឱ្យស្លាប់​បាន​ប្រសិនបើ​យកទៅ​លាយ​ជាមួយ​ស្រា ហើយ​បរិភោគ​លើស​កម្រិត​។​

​ជាថ្មី​ម្តងទៀត អគ្គនាយកដ្ឋាន ក​.​ប​.​ប​. សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ដែលជា​អាជីវករ​លក់ដុំ លក់រាយ ម្ចាស់​ឱសថស្ថាន ម្ចាស់​ផ្សារ​ទំនើប និង​អ្នក​នាំចូល​ផលិតផល​អាល់កុល​ទាំងអស់ សូម​ប្រកប​របរ​អាជីវកម្ម​ប្រកប ដោយ​ការទទួលខុសត្រូវ ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌ និង​សុចរិត​ភាព ដោយ​គិតពី​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ខ្ពស់ជាង​ផលចំណេញ​របស់ខ្លួន​​៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២