អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់៣នាក់ទៅសាលាដំបូង ពីបទនាំមនុស្សឆ្លងដែនខុសច្បាប់

ខេត្តបន្ទយមានជ័យ ៖ ជនសង្ស័យមេខ្យល់៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ខែឧសភា ឆ្នាំ២០២១ ពីបទនាំមនុស្សឆ្លងដេនដោយខុសច្បាប់ ទៅប្រទេសថៃ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ៖ ជនសង្ស័យជាមេខ្យល់ទាំង០៣នាក់ មាន១.ឈ្មោះ សុខ វិបុល អាយុ៣០ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិ និងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ២.ឈ្មោះឌឹប នុន អាយុ៥២ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ឈ្មោះ ម៉ៃ សៃហុង អាយុ២១ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា កាលពីរំលងអាធ្រាតឈានថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ និងកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ចុះល្បាត ដល់ចំណុចភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ក៏ប្រទះឃើញម៉ូតូកង់បីឥណ្ឌា០១គ្រឿងកំពុងដឹកពលករចំនួន០៧នាក់ ពេលនោះកម្លាំងចម្រុះក៏បានឃាត់ហើយសួរនាំទើបដឹងថាពលករទាំងអស់ត្រូវបានម្ចាស់ម៉ូតូកង់បីដឹកទៅបម្រុងឆ្លងដែនទៅប្រទេសថៃ ទើបកម្លាំងធ្វើការឃាត់ខ្លួនទាំង បញ្ជូនទៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកដើម្បីធ្វើការសាកសួរចម្លើយ។

បន្ទាប់មកទៀតនៅម៉ោងជាង០៣ ទៀបភ្លឺ ថ្ងៃដដែលក៏ទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា ៖ មានមេខ្យល់បម្រុងនាំពលករឆ្លងដែនមួយក្រុមទៀតនៅចំណុចភូមិ.ឃុំដដែល តែទីតាំងផ្សេងគ្នា។ កម្លាំងចម្រុះក៏បន្តធ្វើការចុះប្រតិបត្តិការបង្រ្កាប និងឃាត់ខ្លួនមេខ្យល់០២នាក់បន្ថែមទៀត និងពលករចំនួន១៨នាក់ទៀតផងដែរ។

លោកវរសេនីយ៍ទោព្រហ្ម ថេង បានឱ្យដឹងទៀតថា៖ ពលករទាំងអស់ក្រោយពីកម្លាំងជំនាញសាកសួរចម្លើយរួចមកបានឆ្លើយសារភាពថាពួកគេចង់ទៅរកការងារធ្វើនៅប្រទេសពិតប្រាកដមែន ដោយ មេខ្យល់ទាំងនោះប្រាប់ថា ពួកគេនឹងនាំឆ្លងដែនទៅប្រទេសថៃបានដោយយកតម្លៃជូនក្នុងម្នាក់ ៦.០០០បាត (លុយថៃ)។

អ្នកទាំង០៣នាក់ ក្រោយពីកម្លាំងជំនាញសាកសួរចម្លើយរួចមក បានឆ្លើយសារភាពថា ពួកគេបានទំនាក់ទំនងជាមួយពលករផ្សេងៗគ្នាដើម្បីនាំចេញទៅប្រទេសថៃពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យទាំង០៣នាក់ ទើបកម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្សបញ្ជូនយកមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ហើយបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីនៅរសៀលថ្ងៃ ទី១២ខែឧសភា ឆ្នាំ២០២១។ ចំណែកពលករទាំង២៥នាក់ ត្រូវបានដាក់ឱ្យនៅធ្វើចត្តាឡីស័កក្នុងវិទ្យាល័យស្រុកម៉ាឡៃផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២