សប្បុរសជន នៅនាយសមុទ្រ ផ្តល់អំណោយស្បៀងដល់ពលរដ្ឋក្រីក្រ ក្នុងកំឡុងពេលបិទខ្ទប់ នៅក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ ៖ សប្បុរសជននៅឯនាយសមុទ្រ ប្រទេសអូស្ត្រាលីនិងបារាំង តាមរយៈលោកធម្មបណ្ឌិតហេង មុនីចិន្តា នាយកអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍និងលោកស្រីចាប ឆវីវ័ន្ត បានផ្តល់អំណោយស្បៀងដល់ពលរដ្ឋក្រីក្រចំនួន៤០គ្រួសារ ក្នុងកំឡុងបិទខ្ទប់ ដោយសារការរីករាលដាល នៃជម្ងឺកូវីដ ១៩ នៅភូមិប្រជាធម្មលិចសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អញ្ជើញចូលរួមការចែកអំណោយនេះ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នៅស្នាក់ការភូមិនិងតាមផ្ទះខ្លះ មានលោកហឿន វីរៈ អភិបាលរង តំណាងលោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោកតំណាងនៃលោកធម្មបណ្ឌិតហេង មុនីចិន្តា លោកញឹម ផឿង នាយករដ្ឋបាលសាលាក្រុង លោកស្រិល អិន ចៅសង្កាត់ផ្សារកណ្តាលនិងមន្ត្រី ព្រមទាំងក្រុមការងារ។

អំណោយរបស់សប្បុរសជនខ្មែរនៅនាយសមុទ្រពីប្រទេសអូស្ត្រាលី បារាំង បានផ្តល់អំណោយសប្បុរសធម័ល់ពលរដ្ឋក្រីក្រក្នុងកំឡុងបិទខ្ទប់ដោយសារការរីករាលដាលនៃជម្ងឺកូវីដ ១៩ នៅភូមិប្រជាធម្មលិចសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ អំណោយ រួមមាន អង្ករ២០គក្រ មី១កេះ ត្រីខ១យួរ ទឹកត្រី១យួរ ត្រី១យួរ សាប៊ូដុសខ្លួន៤ដុំ ។

លោកហឿន វីរៈ អភិបាលរងក្រុងប៉ោយប៉ែតបានថ្លែងថា ៖ ពលរដ្ឋជួបការលំបាកជីវភាព និងក្រីក្រដែលបង្កឡើងពីផលប៉ះពាល់នៃការរីករាលដាលនៃជម្ងឺកូវីដ ១៩ ពិសេសនៅតំបន់បិទខ្ទប់និងតំបន់ក្រហមនៅក្រុងនេះបានកើនឡើង។

ប៉ុន្តែចំពោះមុខមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចបានឆ្លើយតប ដោយបាននាំអំណោយរបស់រាជរដ្ឋាភិបាល របស់ប្រធានក្រុមការងារថ្នាក់ជាតិ របស់រដ្ឋបាលខេត្ត/ក្រុង អង្គការ ដៃគូអភិវឌ្ឍន៍និងសប្បុរសជននានាបានផ្តល់អំណោយស្បៀងអាហារនិងថវិកាជាបន្តបន្ទាប់។

នាឱកាសនោះ ក្នុងនាមអាជ្ញាធរក្រុងនិងសង្កាត់ សូមថ្លែងអំណគុណនិងគោរពជូនពរចំពោះសប្បុរសជនខ្មែរនៅក្រៅប្រទេសនិងលោកធម្មបណ្ឌិតហេង មុនីចិន្តា នាយកអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍និងលោកស្រីចាប ឆវីវ័ន្ត ដែលបានបរិច្ចាគអំណោយស្បៀងអាហារដល់ពលរដ្ឋពលរដ្ឋក្រីក្រក្នុងកំឡុងបិទខ្ទប់ដោយសារការរីករាលដាលនៃជម្ងឺកូវីដ១៩៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២