ខេត្តបន្ទាយមានជ័យ ៖ បុរសជនជាតិខ្មែរ ទើបត្រឡប់មកពី ប្រទេសអូស្ត្រាលី បានស្លាប់ដោយជម្ងឺកូវីដ១៩ ក្នុងផ្ទះសំណាក់ និងភោជនីយដ្ឋាន កណ្តាលលទីរួម ខេត្តបន្ទាយមានជ័យ ក្នុងនោះអ្នកពាក់ព័ន្ធ២៥នាក់ ដែលមានខ្មែរ១៣នាក់ ជនជាតិថៃ១០នាក់ និងចិន ០១នាក់ ត្រូវយកសំណាក ។
អ្នកជម្ងឺបានស្លាប់៣ថ្ងៃមកហើយក្នុងផ្ទះសំណាក់ និងភោជនីយដ្ឋានអ៊ឹមប៊ី (MB Guest House and Restaurant ) ជាប់ខាងត្បូងវេទិកាខេត្តឬសួនមានជ័យស្ថិតក្នុងភូមិ ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ឬកណ្តាលទីរួមខេត្តបន្ទាយមានជ័យ។
សូមរំលឹកថា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៨ យប់ អ្នកស្រី សាំង សោភាព អាយុ៣៧ឆ្នាំ ម្ចាស់ផ្ទះសំណាក់ នេះ បានរាយការណ៍ ទៅ សមត្ថកិច្ច ថា មានករណីសាកសពភ្ញៀវដេកស្លាប់ នៅចំណុចផ្ទះសំណាក់ អ៉ឹម ប៊ី ស្នាក់នៅជាន់ទី១ បន្ទុប់លេខ១០៥ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។ ភ្ញៀវមានឈ្មោះ វឿន ចាន់ទីន ភេទប្រុស អាយុ៣៤ឆ្នាំ ជាវេជ្ជបណ្ឌិតរស់នៅ ភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដែលទើបតែត្រលប់មកពី ប្រទេសអូស្រ្តាលី។ ជនរងគ្រោះនិងក្រុមគ្រួសារ បានចូលមកប្រទេសកម្ពុជា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ហើយបានធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅក្រុងភ្នំពេញចំនួន១៤ថ្ងៃ។ លុះដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ពួកគេបានបន្តដំណើរមកខេត្តបន្ទាយមានជ័យ ដោយមកស្នាក់នៅផ្ទះសំណាក់អុឹមប៊ី (MB Guest House and Restaurant )ដូចខាងលើ ។
។
លោកហ៊ឹល រ៉ាយ៉ា អភិបាល ក្រុងសិរីសោភ័ណ បានអោយដឹងនៅយប់ថ្ងៃទី១៥ ខែឧសភា ថា ៖ លទ្ធផលតេស្តរហ័ស (Rapid Test) លើ២១នាក់ (បូកទាំងសពផង) ឃើញវិជ្ជមានកូវីដ១៩ ចំនួន២នាក់គឺសព១និងជនជាតិថៃ១។ ក្រៅពីនោះ អវិជ្ជមាន។ នៅព្រឹកថ្ងៃទី១៦ខែឧសភា នេះ គ្រូពេទ្យនឹងបន្តយកសំណាកលើអ្នករត់ម៉ូតូឌុបដែលពាក់ព័ន្ធចំនួន៤នាក់ទៀត។
លោកហ៊ឹល រ៉ាយ៉ា អភិបាល ក្រុងសិរីសោភ័ណបានឲ្យដឹងថា៖ ក្រោយស្លាប់ គ្រូពេទ្យជំនាញបានយកសំណាកសពទៅវិភាគរកមេរោគកូវីដ១៩ តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងនោះលទ្ធផលសពគឺវិជ្ជមានកូវីដ១៩។
លោកអភិបាលក្រុងបានបន្តថា ៖ ក្រោយមានករណីនេះ នៅផ្ទះសំណាក់ អ៊ឹមប៊ី ដែលមានមនុស្សស្លាប់ដោយជម្ងឺកូវីដ.១៩នេះ មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច គ្រូពេទ្យបានប្រមូលភ្ញៀវនិងអ្នកពាក់ព័ន្ធក្នុងផ្ទះសំណាក់នេះទៅពិនិត្យសុខភាព និងយកសំណាករកមេរោគកូវីដ ១៩ ។
ក្នុងនោះមានអ្នកជាប់ពាក់ព័ន្ធមានចំនួន២៥នាក់/ស្រី៦នាក់ ដែលមានជនជាតិខ្មែរចំនួន១៣នាក់/ ស្រី២នាក់ ។ ជនជាតិថៃមានចំនួន១០នាក់ / ស្រី៣នាក់និងជនជាតិចិនមានចំនួន១នាក់ ។
ក្នុងនោះក៏មានបុគ្គលឹកផ្ទះសំណាក់មានចំនួន៥នាក់/ស្រី១នាក់។
ទាក់ទិនករណីនេះ លោកអ៊ុ រាត្រី អភិបាលនិងជាប្រធានគណកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ខេត្តបន្ទាយមានជ័យបាមបញ្ជាឲ្យបិទបណ្តោះអាសន្ននូវ ផ្ទះសំណាក់និងភោជនីដ្ឋាន( MB Guest House and Restaurant )និងធ្វើការយកសំណាក់រកមេរោគកូវីដ ១៩ អ្នកប៉ះពាល់ផ្ទះនឹងអ្នកជម្ងឺ និងធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃសិន។ ចំពោះសពត្រូវបានវេចខ្ចប់នាំទៅបូជានៅទីឈាបនដ្ឋានសម្រាប់កូវីដ១៩ នៅភ្នំមួយនាសង្កាត់ទឹកថ្លាក្រុងសិរិសោភ័ណកាលពីព្រឹកថ្ងៃទី១៥ខែឧសភា។ ផ្ទះសំណាក់អឹមប៊ី ត្រូវបានអាជ្ញាធរបិទដំណើរការអាជីវកម្ម។
ឯក្រុងសិរីសោភ័ណ រដ្ឋបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ បានសម្រេចដាក់អោយអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអសន្នដើម្បីទប់ស្កាត់ ការរីករាលដាលជម្ងឺកូវីដ១៩ នៅភូមិសាស្ត្រ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ពោលគឺផ្អាកចរាចរណ៍ឬបម្រាមគោចរពេលយប់នៅក្នុងក្រុង។
យោងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យលេខ១៤៤/២១ សសរ ចុះថ្ងៃទី១៥ខែឧសភាឆ្នាំ២០២១ ប្រការ១បានចែងថា ត្រូវបានដាក់ចេញអោយអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអសន្នដើម្បីទប់ស្លាត់ការរីករាលដាលជម្ងឺកូវីដ ១៩ នៅភូមិសាស្ត្រក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ដែលមានថិរវេលា១សប្តាហ៍ គិតចាប់ពីថ្ងៃទី១៥ខែឧសភាឆ្នាំ២០២១ រហូតដល់ថ្ងៃទី២១ខែឧសភាឆ្នាំ២០២១។ ប្រការ២ ៖ ត្រូវបានផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពចរាចរណ៍ ឆ្លងកាត់ផ្លូវ ក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ ចាប់ពីម៉ោង២០ យប់ដល់ម៉ោង៥ព្រឹក ជាកំហិត៕


