ខេត្តបន្ទាយមានជ័យ ៖ ពលរដ្ឋនិងមេភូមិ បាននិយាយថា ពិតជាបានបង់លុយថ្លៃរបរបូមខ្សាច់ (ក្នុងស្ទឹងស្រែងភូមិរង្វាន ឃុំណាំតៅ) ជូនលោកអភិបាលស្រុកភ្នំស្រុក និងមានចំណែក ក្នុងការដឹកជញ្ជូនអោយខូចខាតផ្លូវជនបទ (ក្រាលកៅស៊ូ) ពីឃុំភ្នំដីទៅឃុំណាំតៅ ស្រុកភ្នំស្រុក ដូចការរកឃើញ ហើយបន្ទោសរបស់លោកអភិបាលខេត្តបន្ទាយមានជ័យមែន។ ប៉ុន្តែសកម្មភាពអាជីវកម្មរបស់ពួកគេមានលក្ខណៈគ្រួសារប៉ុណ្ណោះ។
ពលរដ្ឋឈ្មោះស៊ុន សី រស់នៅភូមិរង្វានឃុំណាំតៅស្រុកភ្នំស្រុកប្រាប់ថា៖ ជាង៨ឆ្នាំមកនេះ របរកាយខ្សាច់ក្នុងស្ទឹងស្រែង នាភូមិនេះគឺធ្វើដោយចូកបែលនឹងដៃ។ តែ២ឆ្នាំមកនេះ បានប្រើម៉ាស៊ីនតូចបូម និងមានត្រាក់ទ័រចូកឡើងឡានតូច ធំហើយ។
ពលរដ្ឋបានបន្តថា ៖ ក្នុងពោះស្ទឹងស្រែងដែលជាព្រំប្រទល់ខេត្តបន្ទាយមានជ័យនិងខេត្តសៀមរាប ដែលជាតំបន់ដាច់ស្រយាល ក្នុងចម្ងាយជាង៨០ គ.ម ទិសឦសាន ខេត្តបន្ទាយមានជ័យនេះ មានរ៉ែខ្សាច់បូក ហើយអាចលក់បានតម្លៃ ២ម៉ឺនរៀល/១ម៉ែត្រគីប។ ក្នុង១កន្លែងៗ នារដូវប្រាំងអាចបូមនិងលក់បានពី១៥ទៅ២០គីប។
ពលរដ្ឋបន្តថា ៖ របរនេះ ក្រៅពីចំណាយផ្ទាល់ខ្លួនលើកម្មករ ថ្លៃប្រេង ថ្លៃសាហ្សើចូកនិងថ្លៃផ្លូវកាត់ដីគេ គឺមានតែចំណាយក្រៅដោយបង់ទៅលោកអភិបាលស្រុកភ្នំស្រុក តាមរយៈលោកមេភូមិប៉ុណ្ណោះ។ ក្នុង១កន្លែងគឺ១កន្លែងត្រូវបង់៥០ម៉ឺនរៀល ក្នុងមួយរដូវ។
ចំណែកលោកអ៊ូ ស្រូច មេភូមិរង្វានឃុំណាំតៅស្រុកភ្នំស្រុក ក៏បានអោយដឹងដែរថា ៖ របរបូមខ្សាច់ក្នុងស្ទឹងស្រែងរបស់អ្នកភូមិនេះជាលក្ខណៈគ្រួសារទេ។ គឺមានកន្លែង/រណ្តៅបូមម៉ាស៊ីន ចំនួន១២កន្លែង ក្នុងនោះ២កន្លែង បូមទៅខាងដីខេត្តសៀមរាប។
លោកបានបន្តថា ៖ សព្វថ្ងៃ ក្នុងរដូវប្រាំង ការលក់ខ្សាច់ចេញមានពី៨ទៅ១០ឡាន ដែលក្នុង១ឡានៗ អាចដឹកបានពី១៥ទៅ១៨ម៉ែត្រគូប។ ហើយក៏មានឡានផ្លូវ២ឬយីឌុបចូលមកដឹកផងដែរ។ ចំពោះការចំណាយវិញ របរបូមខ្សាច់នេះ គឺមានតែចំណាយផ្ទាល់ខ្លួននិងចំណាយបង់ជូនលោកអភិបាលស្រុកភ្នំស្រុក ដោយលោកដើរប្រមូល ហើយយកទៅបង់នៅសាលាស្រុកប៉ុណ្ណោះ គឺចំនួន៥០ម៉ឺនរៀលក្នុងមួយកន្លែង។ ការលក់ខ្សាច់ចេញមានជិត២ឆ្នាំហើយ ហើយក៏ទើបតែបង់វិភាគទៅតែសាលាស្រុកដែរ។
ទាក់ទិននឹងការធ្វើអោយខូចខាតផ្លូវជនបទក្រាលកៅស៊ូភ្នំដី ណាំតៅនិងផ្លូវសាធារណៈការខេត្តភ្នំស្រុក-ព្រៃមាន់ លោកអ៊ូ ស្រួចបាននិយាយថា ៖ អាចថាវាខូចក្នុងជាង១ឆ្នាំមកមែន ប៉ុន្តែមិនអាចបន្ទោសក្នុងអំឡុងមានឡានខ្សាច់ធំៗចូលនោះទេ។ តែជាក់ស្តែងឡានមកដឹកខ្សាច់ ក៏បានដឹកទំនិញធុនធ្ងន់ចូលមកដែរ ។ ហើយក៏មានឡានធុនធំដឹកស្រូវ ដឹកដំឡូងយ៉ាងច្រើនដែរ ទើបធ្វើអោយខូចផ្លូវ។
សូមរំលឹកថា កាលពីម៉ោង៤ល្ងាចថ្ងៃទី ១២ខែឧសភា ឆ្នាំ ២០២១ នគរបាលស្រុកភ្នំស្រុកបានឃាត់និងធ្វើកិច្ចសន្យារថយន្តចំននួ៤គ្រឿងលួចដឹកដីនិងខ្សាច់លើសទម្ងន់នៅចំណុចផ្លូវអក្សរTផ្លូវបំបែកទៅឃុំណាំតៅនិងឃុំស្ពានស្រែង ស្ថិតក្នុងឃុំភ្នំដី ស្រុកភ្នំស្រុក ។ ការចាប់នេះធ្វើឡើងតាមបទបញ្ជារបស់ លោកអ៊ុ រាត្រីអភិបាលខេត្តបន្ទាយមានជ័យក៏ដូចជាបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។
ក្នុងពេលចាប់រថយន្តនោះ អ្នកបើកបរនិងម្ចាស់រថយន្តបានតវ៉ាថា ហេតុអីក៏មានសមត្ថកិច្ចចេញចាប់ឡានពួកគេទៀត បើពួកគេបានបានបង់លុយជូនចៅហ្វាយស្រុកហើយនោះ។
លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានប្រាប់សារព័ត៌មានថា ៖ ករណីដឹកខ្សាច់លើសទម្ងន់នៅភ្នំស្រុកនេះ បានស្រាវជ្រាវទៅគឺវារួមចំណែកដែលបង្កអោយខូចខាតផ្លូវជនបទ។ ពាក់ព័ន្ធលោកអភិបាលស្រុក យកលុយពីមេភូមិ ដែលចាំប្រមូលពីរណ្តៅនិងឡានខ្សាច់ គឺត្រូវធ្វើការ។
ទាក់ទិននឹងការបន្ទោសលើការទទួលខុសត្រូវចំពោះមុខការងាររដ្ឋបាលនិងការងារបុគ្គលរបស់ខ្លួននេះ ភ្នាក់ងារយើងបានសុំសម្ភាសន៍បកស្រាយពីលោកយឹម សំណាង អភិបាលស្រុកភ្នំស្រុក ដោយលោកបានប្រាប់ថា លោកមិនបានដឹងអ្វីឡើយ ហើយបង្វែរអោយទៅសួរលោកសុក រឹទ្ធិ អភិបាលរងស្រុក ទទួលបន្ទុកវិញ ព្រោះ លោកបានចេញលិខិតបង្គាប់ការអោយចុះអនុវត្ត។
យោងលិខិតបង្គាប់ការលេខ០០៤ /២១ សកស.លបក ចុះថ្ងៃទី២ខែកុម្ភៈឆ្នាំ២០២១ ចុះហត្ថលេខាដោយលោកយឹម សំណាង អភិបាលស្រុកភ្នំស្រុក បានចាត់តាំងលោកសុក រឹទ្ធិ អភិបាលរងស្រុក ជាប្រធាននិងអនុប្រធាន សមាជិក៩រូបទៀតអោយចុះត្រួតពិនិត្យការកាយរណ្តៅដី ចល័ត ការបូមខ្សាច់និងការត្រួតពិនិត្យរថយន្តដឹកដីនិងខ្សាច់ទូទាំងស្រុកភ្នំស្រុក ។
សមាជិកនៃក្រុមការងារនេះបានប្រាប់ថ្ងៃទី១៧ខែឧសភាថា៖ សមាសភាពដូចក្នុងលិខិតបង្គាប់ការបានចុះបំពេញការបន្តបន្ទាប់ ក្នុងនោះក៏បានទៅជួបប្រជុំផ្សព្វផ្សាយ ពីច្បាប់ដល់មេភូមិនិងពលរដ្ឋប្រកបរបរបូមខ្សាច់នៅស្ទឹងស្រែង ភូមិរង្វានផងដែរ។
ប៉ុន្តែ អនុប្រធាននិងសមាជិកនៃក្រុមការងារនោះបានទម្លាយអោយដឹងថា ៖ បន្ទាប់ពីបានចុះទៅគោលដៅ និមួយៗហើយ សាលាស្រុក បានកោះហៅម្ចាស់អាជីវកម្ម ខាងលើបន្តបន្ទាប់ មកជួបនិងបង់លុយ ក៏ចេញទៅវិញ ហើយធ្វើសកម្មភាពទាំងខុសទាំងត្រូវច្បាប់ដដែល។
ករណីនេះ ភ្នាក់ងារយើងបានស្នើសុំបំភ្លឺពីលោកសុក រឹទ្ធី អភិបាលរងស្រុកភ្នំស្រុក ផងដែរ ប៉ុន្តែទូរស័ព្ទ២ប្រព័ន្ធដែលលោកតែងប្រើប្រាស់ មិនមានអ្នកលើកទទួលឡើយ៕


