ខេត្តបន្ទាយមានជ័យ ៖ ដឹងថាមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចជាប់ដៃនឹងទ្រោលសភាពការណ៍កូវីដ១៩ ដែលបានផ្ទះខ្លាំងនៅខេត្តបន្ទាយមានជ័យ មានពលរដ្ឋខិលខូចលើកគ្នាទៅឈូសឆាយ ទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកក្នុងតំបន់អភិរក្ស ត្រូវកម្លាំងកងរាជអវុធហត្ថចុះបង្ក្រាប នៅចំណុចរហាលធំ ស្ថិតក្នុងភូមិស្ទឹងកំបុត ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
យោងតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអោយដឹងថា ៖ ដោយប្រើកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ុ សាខន នាយរងសេនាធិការដ្ឋាន ព្រមទាំងសហការជាមួយកម្លាំងជំនាញខណ្ឌរដ្ឋបាលជលផលបន្ទាយមានជ័យ បានចុះឃាត់ខ្លួនបានមនុស្សចំនួន៨នាក់ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នៅចំណុចរហាលធំ ស្ថិតក្នុងភូមិស្ទឹងកំបុត ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យ មាន១/ ឈ្មោះ ប៉ោ ម៉ាយ ភេទប្រុស អាយុ ៤៩ឆ្នាំ ជាមេការ ។២/ឈ្មោះ ឯក ឈីរ៉ា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ អ្នកកាសែត ។
៣/ឈ្មោះ ទូច ចាន់ណេង ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ បើកត្រាក់ទ័រអេស្កាវ៉ទ័រ ។៤/ឈ្មោះ នឿន ណុច ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរបើកត្រាក់ទ័រអេស្កាវ៉ាទ័រ ។ ៥/ឈ្មោះ មក់ វាសនា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ បើកត្រាក់ទ័រអេស្កាវ៉ទ័រ ។៦/ឈ្មោះ សាវ គឹមឈឿន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ បើកគោយន្តច្នៃដឹកដី ។៧ /ឈ្មោះ ឡា សំណាង ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ បើកឡានដឹកដី ។និង៨/ឈ្មោះហៀង គិមហេង ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរ លក់ឥវ៉ាន់អនឡាញ។
ក្នុងនោះកម្លាំងអាវុធហត្ថបានដកហូតសម្ភារៈវត្ថុតាងមកឈូសឆាយរួមមាន ៖ ១/ត្រាក់ទ័រ១ គ្រឿង ម៉ាកគូបូតា ។២/គោយន្ត ៣ គ្រឿង ម៉ាកគូបូតា ។៣/រថយន្តច្នៃបែនដឹកដី១ គ្រឿង ។៤/រថយន្តដឹកដី ១ គ្រឿង ។៥/អេសស្កាកាយដី៣ គ្រឿង ។៦/កាណូត ស្មាច់ ៨ គ្រឿង ។៧/ក្បូនមានដំបូលចំនួន៨ គ្រឿង ។ ៨/ម៉ាស៊ីនកាណូត ១៦ គ្រឿង។៩/ម៉ាស៊ីនបូមខ្យល់១គ្រឿង។១០/ម៉ូតូ៣ គ្រឿង ។១១/ម៉ូតូកង់បីpassapp១ គ្រឿង ។ ១២/ទូរស័ព្ទ ៧ គ្រឿងនិងសម្ភារ:មួយចំនួនទៀត ។
លោកវរសេនីយ៍ទោ ធៀម ភក្ដី ប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ៖ ជនសង្ស័យទាំង៨នាក់ ត្រូវបានកម្លាំងអាវុធហត្ថបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីសាកសួរចម្លើយ ។
ជនសង្ស័យចំនួន៧នាក់ បានឆ្លើយសារភាពថា ពួកគេគ្រាន់តែជាអ្នកស៊ីឈ្នួលបើកត្រាក់ទ័រចូកអេស្កាវ៉ាទ័រនិងបើករថយន្តដឹកដីឲ្យគេប៉ុណ្ណោះ ។
ដោយឡែកឈ្មោះហៀង គិមហេង បានឆ្លើយសារភាពថា រូបគេនិងប្ដីរបស់គេឈ្មោះ គិម សុធារ៉ាន់ បានបានទិញដីស្រែពីប្រជាពលរដ្ឋ ស្ថិតក្នុងភូមិស្ទឹងកំបុត ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ចំនួនសរុបប្រហែល១៧ហិកតា។ ហើយប្ដីរបស់គាត់បានឲ្យគេឈូសឆាយ និងលើកផ្លូវលើដីនោះក្នុងគោលបំំណងធ្វើគម្រោងពុះដីល្វែងឬឡូតិ៍លក់មែន។
ដោយផ្អែកលើការស៊ើបអង្កេតឃើញថាដីដែលឈ្មោះហៀង គិមហេង និងប្ដីឈ្មោះគិម សុធារ៉ាន់ ទិញដីពីប្រជាពលរដ្ឋនៅទីតាំងខាងលើ តែជាដីស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខណ្ឌរដ្ឋបាលជលផលខេត្ត។ ជនសង្ស័យទាំង៨នាក់ខាងលើពិតជាមានការជាប់ពាក់ព័ន្ធក្នុងសកម្មភាព ឈូសឆាយ កាយដី ចាក់ធ្វើផ្លូវ នៅចំណុចរហាលធំ ពិតប្រាកដមែន។
ជនសង្ស័យទាំង៨នាក់ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីនៅព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។ ចំណែកវត្ថុតាងខាងលើត្រូវបានរក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាបណ្ដោះអាសន្នចាំដោះស្រាយនៅពេលក្រោយ៕


