អាល់កុលក្លែងក្លាយ ឬមេតាណុលជិត ១៨តោន យកទៅបំផ្លាញចោល ក្រោយបង្ក្រាបបាននៅទីផ្សារ

ភ្នំពេញ ៖ មន្រ្តីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បាននាំយកអាល់កុលក្លែងក្លាយ ឬមេតាណុលប្រមាណជិត ១៨តោន ទៅបំផ្លាញចោលនៅទីលានចាក់សំរាម នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ ដែលស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពិធីបំផ្លាញចោលនេះ ត្រូវបានរៀបចំឡើងដោយមានការឯកភាពពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីមន្រ្តីរដ្ឋបាលខណ្ឌដង្កោ។

សារធាតុមេតាណុលទាំងនេះ ត្រូវបានមន្រ្តី នៃអគ្គនាយកដ្ឋាន ក.ប.ប. ត្រួតពិនិត្យឃើញ និងរឹបអូសពីតាមបណ្តាឃ្លាំងស្តុក មធ្យោបាយដឹកជញ្ជូន និងបណ្តាឱសថស្ថាននានាក្នុងរាជធានីភ្នំពេញ។

អាល់កុល ឬអេតាណុល គឺជាសារធាតុដែលគេយកមកប្រើសម្រាប់សម្លាប់មេរោគ ពិសេសក្នុងដំណាក់កាលដែលដែលជំងឺកូវីដ-១៩ កំពុងរីករាលដាលខ្លាំង ធ្វើឱ្យតម្រូវការអាល់កុលមានការកើនឡើងខ្ពស់ ជាហេតុនាំឱ្យមានបុគ្គលឆ្លៀតឱកាសមួយចំនួន បានបន្លំយកសារធាតុមេតាណុល (Methanol) មកលក់ជូនប្រជាពលរដ្ឋដើម្បីយកទៅសម្លាប់មេរោគ ឬធ្វើជាសារធាតុផ្សំសម្រាប់ផលិតជែលសម្លាប់មេរោគជាដើម។ សារធាតុគីមីមេតាណុលគឺជាសារធាតុពុល ដែលគេច្រើនប្រើធ្វើជាសារធាតុសម្រាប់រំលាយ។

ការប្រើប្រាស់មេតាណុលធ្វើជាសារធាតុសម្លាប់មេរោគ មិនត្រឹមតែមិនមានប្រសិទ្ធភាពក្នុងការសម្លាប់មេរោគប៉ុណ្ណោះទេ តែថែមទាំងបណ្តាលឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើ ដូចជាបណ្តាលឱ្យរលាកស្បែក រលាកភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយដេក បាត់បង់ស្មារតី ក្អួតចង្អោរ រំខានដល់ការរំលាយអាហារ ឬអាចបណ្តាលឱ្យស្លាប់បានប្រសិនបើយកទៅលាយជាមួយស្រា ហើយបរិភោគលើសកម្រិត។

ក្នុងករណីមានសង្ស័យជាយថាហេតុ ពាក់ព័ន្ធនឹងគុណភាពអាល់កុល ឬមានព័ត៌មានពីការស្តុកទុក ការចរាចរ ឬចែកចាយអាល់កុលក្លែងក្លាយ សូមផ្តល់ព័ត៌មានមកអគ្គនាយកដ្ឋាន ក.ប.ប៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២