ភ្នំពេញ ៖ ឯកឧត្តម មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធករណីបង្ក្រាបអាល់កុលក្លែងក្លាយ នារសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ នៅក្រសួងមហាផៃ្ទ។
ឯកឧត្តម មៀច សុផាន់ណា បានអោយដឹងថា កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) សហការ ជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ដោយមានការសម្របសម្រួលនីតិវិធី ពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងឃ្លាំងចំនួន៣ ដែលជាទីតាំងស្តុកទុក និងចែកចាយអាល់កុល ស្ថិតនៅភូមិព្រែក ទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងទាំងនេះ កម្លាំង ចម្រុះ របស់គណៈកម្មាធិការ បានរកឃើញវត្ថុតាង អាល់កុល ចំនួន១,៥០៨កា និងសារធាតុមេតាណុល (METHANOL) ចំនួន ១៣១ធុង សរុបចំនួន ៧៤.០៦០លីត្រ (ប្រាំពីរម៉ឺនបួនពាន់ហុកសិបលីត្រ) ដែលអាល់កុល ទាំងអស់នេះ ៖ ១. អាល់កុលក្លែងក្លាយ។ ២. គ្មានគុណប្រយោជន៍ខាងផ្លូវវេជ្ជសាស្ត្រ សម្រាប់សម្លាប់មេរោគផ្សេងៗ ជាពិសេសមេរោគកូវីដ-១៩ អ្វីទាំងអស់ ៣. ពុំមានច្បាប់អនុញ្ញាតពីក្រសួង-ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់។
ឯកឧត្តម មៀច សុផាន់ណា បន្តថា មានជនខិលខូចមួយចំនួនកំពុងបាននាំចូល ស្ដុកទុក និងចែកចាយអាល់កុលក្លែងក្លាយ នៅលើទីផ្សារកម្ពុជា ស្របពេលដែលប្រទេសកម្ពុជា កំពុងជួបវិបត្តិកូវីដ-១៩ ដែលអ្នកប្រើប្រាស់កំពុងមានតម្រូវ ការប្រើប្រាស់ច្រើន ជាហានិភ័យងាយរងផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋផងដែរ គណៈកម្មាធិការនឹង បន្តតាមដាន ស្រាវជ្រាវ លើកិច្ចការងារនេះបន្ថែមទៀត ដើម្បីនាំជនល្មើសឲ្យទទួលខុសត្រូវតាមផ្លូវច្បាប់។
ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បន្ថែមថា ចំពោះផលប៉ះពាល់មេកាណុលដល់សុខភាពតាមរយៈការស្រូបចូល ជ្រាបចូលតាមស្បែក ឬការលេបចូល មានដូចជា ៖ រលាកស្បែក រលាកភ្នែក ងងុយដេក បាត់ស្មារតី ឈឺក្បាល វិលមុខ ធីងធង ឈឺពោះ រំខានដល់ការរំលាយអាហារ ពិបាកដកដង្ហើម ស្រវាំងភ្នែក ឬងងឹតភ្នែក ក្អួតបែកពពុះមាត់ ឬកួតធ្លាក់ឈាម ធ្វើអោយខូចក្រលៀន បញ្ហាបេះដូង និងចរន្តឈាម ខូចថ្លើម ខូចប្រពន្ធ័សរសៃប្រសាទ និងខួរក្បាល បាត់បង់ស្មារតី ឬសន្លប់ ករណីធ្ងន់ធ្ងរអាចបណ្តាលអោយបាត់បង់ជីវិត។
រីឯ សារធាតុ មេតាណុង ដែលបង្កគ្រោះថ្នាក់ដល់ស្លាប់ ៖ បើមានការដាក់លាយជាមួយស្រា ឬជាមួយភេសជ្ជៈផ្សេងៗ មានករណីពុលសាកើតឡើងជាញឹកញាប់នៅក្នុងប្រទេសយើង។ ជាក់ស្ដែងថ្មីៗនេះនៅប្រទេសយើងមានការពុលស្រាដែលផ្ទុកសា រធាតុមេតាណុលនៅខេត្តកណ្តាលនិងខេត្តកំពតបណ្តាលអោយ ស្លាប់មនុស្សជាង២០នាក់ និងរងគ្រោះចូលសម្រាកមន្ទីរពេទ្យជាច្រើនរយនាក់៕


