ខេត្តកំពង់ឆ្នាំង ៖ កូនប្រុសបានយកគោ ទៅអោយទឹកនៅមាត់ស្រះ ស្រាប់តែរអិលជើង ធ្លាក់ទឹកស្រះ ឪពុកឃើញក៏លោតទៅជួយ ប៉ុន្តែជាអកុសល ០២នាក់ ឪពុក និងកូន បានលង់ទឹកស្លាប់ ក្នុងស្រះតែមួយជាមួយគ្នា យ៉ាងអាណោចអាធម៌។
ករណីលង់ទឹកស្រះស្លាប់ ០២នាក់ ឪពុកកូននេះ កើតឡើង កាលពីព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចស្រះទឹក ក្រោយរោងចក្រត្រីប៉ូស ភូមិព្រៃពិស ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
សមត្ថកច្ចមូលដ្ឋានបានអោយដឹង នៅរសៀលថ្ងៃនេះថា ជនរងគ្រោះ ដែលលង់ទឹកស្លាប់ ទាំង ២ នាក់នោះ ឪពុកមានឈ្មោះ សុះ គ្រីយ៉ា អាយុ៣៩ឆ្នាំ ហើយកូនប្រុស ឈ្មោះ គ្រីយ៉ា មូសា អាយុ១៦ឆ្នាំ ។ ជនរងគ្រោះទាំងពីរនាក់នេះ រស់នៅក្នុងភូមិទួល ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបន្តថា នៅមុនពេលកើតហេតុ ករណីលង់ទឹកខាងលើនេះ គឺកូនប្រុស កំពុងលាងទឹក ឱ្យសត្វគោ នៅក្នុងស្រះ ប៉ុន្តែបានរអិលជើង ចូលទៅក្នុងទឹកជ្រៅ ឃើញដូច្នេះ ឪពុកបានហក់ចុះទៅជួយ ហើយក៏បណ្ដាលឱ្យលង់ទឹកស្លាប់ ទាំងពីរនាក់តែម្ដង។
ក្រោយពេលកើតហេតុ ប្រពន្ធបានហៅអ្នកភូមិ អោយជួយមុជរាវរក ឃើញសពឪពុក និងកូន នាំយកមកលើគោក និងបានដឹកយកទៅលំនៅឋាន ដើម្បីរៀបចំធ្វើបុណ្យ ទៅតាមទំនៀមទំលាប់ បែបខ្មែរឥស្លាម៕


